ព្រះគ្រូចៅអធិការវត្ត សាមគ្គីសុខសាន្តប្រាសាទមានជ័យ ទទួលបានបច្ច័យជាងពីពាន់ដុល្លា សម្រាប់កសាងកុដិគំរូស្តង់ដាវប្បធម៌ រួមទាំងសមិទ្ធិផលនានា បន្ថែមក្នុងវត្ត ពីឯកឧត្តម ស្រី ឌឹក និងលោកជំទាវ!

0

ខេត្តឧត្តមានជ័យ បច្ច័យជាងពីពាន់ដុល្លា អាមេរិក ព្រមទាំងទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបាន ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ ចាន់ សាមីស្រីឌឹក ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី ចៅប្រុសស្រី ដង្ហែនាំយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមាវត្ត សាមគ្គីសុខសាន្តប្រាសាទមានជ័យ(ហៅវត្តស្រែល្អ) នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាទ ខេត្តឧតហរមានជ័យ។

បច្ច័យដែលឯកឧត្តម និងលោកជំទាវ បាននាំយកទៅវេប្រគេនព្រះសង្ឃ ក្នុងពិធីចូលកាន់ព្រះវស្សា នាឱកាសនោះរួមមាន÷ បច្ច័យចំនួន២០០០ដុល្លា សម្រាប់កសាងកុដិគំរូស្តង់ដា វប្បធម៌១ខ្នង ដែលមានទំហំ៣ម៉ែត្រX៤ ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង និងបច្ច័យចំនួន៩៥ម៉ឺនរៀលបន្ថែមទៀត ទុកសម្រាប់កសាងនូវសមិទ្ធិផលនានាបន្ត។

បន្ថែមពីនោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានប្រគេនបច្ច័យផ្ទាល់ដល់ព្រះសង្ឃចំនួន ៤០អង្គ ក្នុង១អង្គបច្ច័យ៥ម៉ឺនរៀល ទៀនវស្សា១គូ មី២កេស ទឹកក្រូច២យួរ ទឹកបរិសុទ្ធ២កេស អង្ករ២០០គីឡូ ស្លាដក១ឈុត បច្ច័យ៥០០ដុល្លាសម្រាប់បច្ច័យ៤ ចែកជូនលោកយាយលោកតា ១០នាក់ ក្នុងម្នាក់ៗ បច្ច័យ២ម៉ឺនរៀល សិស្សានុសិស្សចំនួន៥៣នាក់ ក្នុងម្នាក់ៗថវិកា៥ពាន់រៀល លោកគ្រូ៥នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល។ សរុបថវិការួមអស់ចំនួន (៤,០៤៦,៥០០៛) (៤លាន៤៦ម៉ឺន៥រយរៀល) និង២៥០០ដុល្លាអាមេរិក។

ដើម្បីចូលរួមជួយទំនុកបម្រុង ទៅដល់ព្រះសង្ឃ ក្នុងពិធីចូលកាន់ព្រះវស្សា ព្រោះថា នៅក្នុងអំឡុងចូលព្រះវស្សាព្រះសង្ឃ មិនអាចនិមន្តបិណ្ឌបាតទៅទីកន្លែងណាបាននោះទេ។ ម្យ៉ាងវិញទៀត ទីវត្តអារាម គឺមិនត្រឹមតែបម្រើក្នុងវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ក៏ជាទីសក្ការៈបូជា ដ៏ចាំបាច់បំផុតរបស់បងប្អូនប្រជាពុទ្ធបរិស័ទខ្មែរទាំងអស់ ដែលធ្វើការគោរព្ធប្រតិបត្តិរហូតរៀងមក។ មួយផ្នែកទៀតទីវត្តអារាម ក៏ជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ និងជាកន្លែងសម្រាប់ប្រមូលផ្តុំ នូវវប្បធម៌ អរិយធម៌ ហើយជាថ្នាលបណ្តុះបណ្តាល នូវធនធានមនុស្សយ៉ាងសំខាន់ផងដែរ៕សួនលីណា