មន្ត្រីយោធានៅអង្គភាពវរសេនាតូច៣៧២ម្នាក់បានស្លាប់បាត់បង់អាយុជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍!

0

ខេត្តព្រះវិហារ: នៅពីវេលាម៉ោង៩.៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងដោយរថយន្តកូរ៉េមួយតោនកន្លះ ម៉ាកអីុស៑ុយសុ៑យ បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមន្ត្រីយោធាទិសដៅបញ្ច្រាស់គ្នា បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦២ ចន្លោះបង្គោលគីឡូលេខ២០៦-២០៧ ត្រង់ចំណុចផ្លូវកោងទួល៤២ ឋិតក្នុងភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមការបញ្ជាក់អោយដឹងពីសាក្សី នៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់ឃើញរថយន្តកូរ៉េមួយតោនកន្លះ ម៉ាកអីុសុយសុយ ពណ៌ស ពាក់ស្លាកលេខ រតនគិរី.៣A ០០.៨៦ បើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តបានបើកវ៉ាជែងម៉ូតូរបស់គាត់ ហើយក៏ជ្រុលទៅបុកពេញមួយទំហឹងជាមួយម៉ូតូ ដែលមន្ត្រីយោធាកំពុងបើកបរ ក្នុងទិសដៅបញ្រ្ចាស់គ្នាបណ្ដាលអោយស្លាប់ភ្លាមភ្លាម នៅនឹងកន្លែង ក្រោយពេលបង្កហេតុរួច ម្ចាស់រថយន្ត ក៏បើកទ្វារដាក់មេប្រូចចូលព្រៃបាត់ បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។

ភ្លាមៗនោះគេក៏ឃើញមានសមត្ថកិច្ចនគរបាលចរាចរណ៍ ព្រមជាមួយមេអង្គភាព និងអាជ្ញាធរមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែង រួចយករថយន្ត ដឹកសពជនរងគ្រោះទៅធ្វើបុណ្យតាម ប្រពៃណី។

ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ នាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត រង់ចាំសមីខ្លួនចូលខ្លួនដោះស្រាយនៅពេលក្រោយ។

សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ត្រក អឿន ភេទប្រុស អាយុ៥២ឆ្នាំ អត្តលេខ ២២៩.៥៩៨ កងអនុសេនាតូចបញ្ជូនសារ វរសេនាតូច៣៧២ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕សួនលីណា