​​កាមរីស្វិតដឹកឈើប្រណិតលោតឆ័ត្រ ឆ្លងកាត់ស្នាក់ការPMលេខ781ត្រូវចាប់បង្ក្រាបប្រគល់ឲ្យខណ្ឌរដ្ធបាលព្រៃឈើ

0

ខេត្តរតនគិរី ÷ អំឡុង យុទ្ធនាការបោះឆ្នោតអាណត្តិទី6 របស់រាជរដ្ធាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបទល្មើសព្រៃឈើ នៅទូទាំងក្រុងស្រុកទាំង9ក្នុងខេត្តរតនគិរី មានភាពស្ងប់ស្ងាត់បានមួយរយះខ្លីប៉ុណ្ណោះ ហើយក៏ចាប់ផ្តើមកម្រើកឡើងវិញព្រោងព្រាតតែម្តង។
ដោយឡែកនៅក្នុងស្រុកមួយចំនួនការជំនួញឈើ និងការកាប់បំផ្លិចបំផ្លាញដឹកជញ្ជូនចេញក៏នៅតែបន្តជាដដែល។ ដោយសារក្រុមឈ្មួញទាំងនោះសុទ្ធសឹងតែជាសមត្ថកិច្ច យកតួរនាទី ក្រាញអំណាចយកទៅរកសុីបទល្មើសបានយ៉ាងរលូន។

ជាក់ស្តែងកាលពីថ្ងៃទី៥ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង៣នឹង៤៥នាទីទាបភ្លឺ ឈើប្រណិតថ្លឹងគីឡូជាប្រភេទឈើធ្នុងសុទ្ធពេញមួយរថយន្តកាមរីស្វិត ពណ៌ខ្មៅ កែទ្រុងដែលមានពាក់ស្លាកលេខស៊េរីចាស់ ញ:1321ភព.2 ចូលទៅតាមផ្លូវលំចាស់ ឃុំត្រពាំងក្រហម ទៅភូមិស្រែគរ
ឃុំស្រែគរ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់និងខេត្តរតនគិរី ដើម្បីដឹកជញ្ជូនឈើប្រណិតចេញមកខេត្តរតនគិរី ។

ជាចៃដន្យខណះដែលរថយន្ត១គ្រឿងនេះឆ្លងកាត់ទីស្នាក់ការPMលេខ781ពុំមានការអនុញាតិច្បាប់ទំលាប់ព្រមទាំងផ្ទុកបទល្មើសផងនោះត្រូវបាន មេទីស្នាក់ការដេញប្រផាក់ចាប់ប្រភីងរហូតមកដល់ច្រកផ្លូវក្រុមហ៊ុន95 ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំទើបស្ទាក់ចាប់ជាប់។

លោក អនុសេនីយ៍ឯក វង្ស វុទ្ធី មេទីស្នាក់ការលេខ781 បានឲ្យដឹងអំពីអត្តសញ្ញាណម្ចាស់ឈើនិងរថយន្តដឹកបទល្មើសខាងលើឲ្យដឹងថា ម្ចាស់ឈើមានឈ្មោះ (ព្រ.អែម ប៊ុនមី ជាមន្ត្រីប៉ូលិស ប្រចាំនៅស្រុកកូនមុំ រូបគេជាមន្ត្រីសមត្ថកិច្ចផង និង ជាឈ្មួញជួញដូរបទល្មើសព្រៃឈើយ៉ាងដុះស្លែផងដែរ។

លោកអនុសេនីយ៍ឯក វង្ស វុទ្ធីបន្តថា ការទប់ស្កាត់និងចាប់បង្ក្រាបទៅលើករណីជួញដូរបទល្មើសព្រៃឈើរបស់លោកទៅលើឈ្មួញដែលខ្លួនគេជាសមត្ថកិច្ចរូបនេះធ្វើឲ្យមជ្ឈដ្ធានលំដាប់ៗ ថ្នាក់ដឹកនាំ
ដែលបម្រើការងារក្នុងស្រុកកូនមុំទាំងមូល រួមមាន÷
លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំ ជំនាញផ្នែករដ្ធបាលព្រៃឈើស្រុក និងរហូតដល់លោកអភិបាលស្រុកកូនមុំផងដែរ។

មានការថ្នាំងថ្នាក់ចិត្តយ៉ាងខ្លាំងបំផុតដោយលោក សង្កេតឃើញពួកគេចង់ជួយអន្តរាគមន៍ គឺពុំពេញចិត្តទៅលើចំណាត់ការរបស់លោកអនុសេនីយ៍ឯក
ជាមេស្នាក់ការកងរាជអាវុធហត្ថលេខ 781នោះឡើយ។

ដូចជាការខលហៅ ឲ្យមកចូលរួមធ្វើកំណត់ហេតុរួមគ្នាបែរជាឆ្លើយតបថា: រវល់ ចុះបេសកកម្មឬជាប់ប្រជុំ ហើយ ឲ្យខលទៅអ្នកនេះអ្នកនោះបន្តកន្ទុយគ្នាដូចសំឡ កំពិសជាដើម។ល។

រហូតមកដល់ម៉ោងជិត១១ថ្ងៃត្រង់ស្រាប់តែលេចមុខមន្ត្រីប៉ូលិស្ថឈ្មោះអែម ប៊ុនមី និងបក្សពួកចំនួន៣នាក់(ជាកម្មករនិងជាតៃកុងឡាន)នាំគ្នាយកកំហឹងមកកន្លែងរថយន្តរបស់ខ្លួនកន្លែងកើតហេតុបម្រុងចាកសាំងដុតឡានចោល និងវាយកំទេចខ្ចាប់ដោះយកអាគុយចេញពីឡាន តែត្រូវលោកមេទីស្នាក់ការធ្វើការឃាត់ទាន់ពេលវេលាហើយពួកគេក៏ត្រឡប់ទៅវិញក្នុងគ្រានោះតែម្តង។

ទោះជាយ៉ាងណាក៏លោកអនុសេនីយ៍ឯកមិនរារែកក្នុងការអនុវត្តនិងបំពេញតាមតួរនាទីជាកងរាជអាវុធហត្ថ១រូបដែលឈរជើងនៅទីស្នាក់ការលេខ781តាមការប្តេជ្ញាចិត្តក្នុងថ្ងៃឡើងកាន់ដំណែងផងនោះ។

ជាពិសេសលោកបានគោរពតាមបទបញ្ជាផ្ទៃក្នុងយ៉ាងហ្មឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានដាក់ចេញនូវអនុសាស្ត្រដ៏មានសារ:សំខាន់ជាច្រើនចំណុចកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ក្នុងពិធីផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរស័ក្តិដល់កងកម្លាំងលោកឧត្តមសេនីយ៍ត្រីបានសំណូមពរដល់កងកម្លាំងរាជអាវុធហត្ថទាំងអស់ឲ្យយល់ពីតួរនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ដើម្បីបន្តវេណទៅថ្ងៃក្រោយ ជៀសវាងធ្វើកងកម្លាំងដើម្បីអំណាចឬបុណ្យស័ក្តិនោះទេ។

កងកម្លាំងទាំងអស់ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងបទល្មើសព្រៃឈើ។

បច្ចុប្បន្នវត្ថុតាង រថយន្តដឹកបទល្មើស និង ឈើប្រណិត លោក អនុសេនីយ៍ឯកបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តនាំទៅរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់ព្រៃឈើបន្ត៕ យក្ខឡោម