ពលរដ្ឋនៅស្រុកកំពង់សីលាចំនួន១១៣គ្រួសារបានទទួលស្រូវពូជពីអភិបាលខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖   ពលរដ្ឋនៅស្រុកកំពង់សីលាចំនួន១១៣គ្រួសារមកពីភូមិចំនួន២បានទទួលស្រូវពូជពីអភិបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ខែសីហាឆ្នាំ២០១៨នេះដើម្បីយកទៅសាប ដកស្ទូងអោយទាន់រដូវ។

លោក ជុំ ចាន់ថុល អនុប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ អោយដឹងថា ស្រូវប្រជាពលរដ្ឋជាង៥០ហិចតាត្រូវបានបំផ្លាញដោយសារទឹកជំនន់ដើមរដូវនេះ។ស្រូវពូជដែលបានចែកជូននេះមានចំនួនជាង៥តោន។ពលរដ្ឋទាំង១១៣គ្រួសារនេះ មកពីភូមិវាលចំនួន៧២ គ្រសារ និងមកពីភូមិថ្មីចំនួន៤១ គ្រួសារ។
លោក បញ្ជាក់ថាពូជស្រូវដែលចែកជូនពលរដ្ឋនេះជាប្រភេទស្រូវស្រាលមានរយៈពេល១០៥ថ្ងៃបានច្រូត។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ផ្តាំផ្ញើដល់កសិករសូមយកពូជនេះទៅសាបព្រួសអោយទាន់រដូវកាលនិងថ្លែងអំណរគុណចំពោះប្រជាជនដែលបាននាំគ្នាទៅបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាលដោយឆន្ទៈដើម្បីបន្តដឹកនាំ អភិវឌ្ឍប្រទេសជាតិអោយកាន់តែមានភាពរីកចម្រើនថែមទៀត។

ជាមួយគ្នានេះផងដែរ ពលរដ្ឋដែលមកទទួលពូជស្រូវនេះ បានថ្លែងអំណរគុណចំពោះអភបាលខេត្តព្រះសីហនុ តែងបានគិតគូរអំពីសុខទុក្ខរបស់ពួកគាត់។