លោក នេន ចំរើន អតីតនាយខណ្ឌរដ្ឋបាលជលផលកំពង់សោមត្រូវបានតែងតាំងជាប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់

0

ព្រះសីហនុ ៖​​​  លោក នេន ចំរើន អតីតនាយខណ្ឌរដ្ឋបាលជលផលកំពង់សោមត្រូវបានតែងតាំងជាប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ជំនួសលោក កែ ផា ត្រូវចូលនិវត្តន៍ ព្រឹកថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃសុកទី១៧ ខែសីហា ឆ្នាំ២០១៨ ។

ពិធីនេះដែរត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅសាលាខេត្តព្រះសីហនុ។ឯឧ យុទ្ធ ភូថង មានប្រសាសន៍ថា ការផ្លាស់ប្ដូរមន្ត្រីរដ្ឋបាលសាធា រណៈជារឿងធម្មតា ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរ សង្ឃឹមថាលោកប្រធានមន្ទីរថ្មី និងដឹកនាំប្រកបដោយគុណភាព តម្លាភាព និងពង្រីកនូវស្នាដៃបន្ថែមទៀត បង្កើនសមត្ថ ភាពការងារដោយបែងចែកការងារដល់មន្ត្រីក្រោមឱវាទប្រកប ដោយសមធម៌ សហការសាមគ្គីភាពផ្ទៃក្នុង និងមន្ទីរ អង្គភាពពាក់ពន្ធជុំវិញខេត្ត និងត្រូវធ្វើជាសេនាធិការល្អឲ្យរដ្ឋបាលខេត្តព្រះសីហនុ ផងដែរ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានធ្វើការបេជ្ញាចិត្តអនុវត្តការងារឲ្យកាន់តែល្អប្រសើរថែមទៀត រក្សាទំនាក់ទំនងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងសមត្ថភាពការងារ និងមន:សិកាវិជ្ជាជីវ:របស់មន្ត្រីរាជការ លើកកម្ពស់ប្រសិទ្ធិភាពការងារ បំពេញភារកិច្ចដោយទទួលខុស ត្រូវ គោរពក្រមសីលធម៌ គុណធម៌ កាន់តែប្រសើរថែមទៀត និងចែករំលែកបទពិសោធន៍ដល់មន្ត្រីក្រោមឱវាទ និងខិតខំផលិតនូវផលិតផលកសិកម្ម បន្លែ ផ្លែឈើ សាច់សត្វមានគុណភាព គ្មានសារធាតុគីមីហាមឃាត់ក្នុងស្រុក និងឈានទៅធ្វើការនាំចេញ ៕