ថ្នាក់ដឹកនាំខេត្តកំពង់ធំជាច្រើនរូប អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា នៅតាមមណ្ឌលប្រឡងនីមួយៗ

0

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបផ្សេងទៀត នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាកិត្តិយសបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ចំនួន ១០មណ្ឌល នៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។

ក្នុងពិធីបើកវិញ្ញាសារនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបផ្សេងទៀត មានប្រសាសន៍ស្រដៀងគ្នាដោយលើកឡើងថា តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡាកន្លងមក ដោយមានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ យើងសង្កេតឃើញថា ការប្រឡងបាក់ឌុប ពីមួយឆ្នាំទៅមួយឆ្នាំ នៅតែរឹតបន្តឹងជាបន្តបន្ទាប់ ហើយឆ្នាំនេះមានការរឹតបន្តឹងជាងឆ្នាំមុនៗថែមទៀត ក្នុងនោះ ក៏មានការត្រួតពិនិត្យសុំណុំឯកសារចាប់ពីក្លោងទ្វារមណ្ឌលប្រឡង រហូតដល់ក្នុងបន្ទប់ប្រឡង ដោយមិនអនុញ្ញាតឲ្យបេក្ខជនយកសំណៅឯកសារ សៀវភៅ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀត ចូលមណ្ឌលប្រឡងឡើយ ប្រសិនបើអនុរក្សរកឃើញ បេក្ខជនអាចនឹងបានពិន្ទុសូន្យ គឺធ្លាក់ដោយស្វ័យប្រវត្តិតែម្តង ការរឹតបន្តឹងបែបនេះ ដើម្បីពង្រឹងនូវសមត្ថភាពភាពសិស្សក្នុងការសិក្សារៀនសូត្រ អ្នកចេះ គឺជាប់។

ឯកឧត្តម បន្ថែមទៀតថា ការវេចខ្ចប់វិញ្ញាសា ទាំងការដឹកជញ្ជូន មានលក្ខណៈតឹងរ៉ឹង និងម៉ត់ចត់ ដែលមានការចូលរួម ពីមន្ត្រីក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីមិនឱ្យមានការបែកធ្លាយណាមួយនោះឡើយ ធ្វើឲ្យយន្តការនៃការប្រឡងបាក់ឌុប គឺមានការច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ជាពិសេស លទ្ធផលអាចទទួលយកបាន គុណភាពនៃការសិក្សានុសិស្សមានការកើនឡើង ភាគរយនៃការប្រឡងជាប់ក៏កើនឡើងជាបន្តបន្ទាប់ ដែលបានបង្ហាញថា ការសិក្សារបស់សិស្ស មានគុណភាពល្អជាងមុន។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកន្លែងស្នាក់នៅដោយឥតគិតថ្លៃជូនសិស្សានុសិស្សដែលក្រីក្រខ្វះលទ្ធភាពជួលកន្លែងស្នាក់នៅ ក្នុងរយៈនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ នៅថ្ងៃទី២០-២១ ខែសីហា ខាងមុខនេះ ដូច្នេះសូមក្មួយៗសិស្សានុសិស្ស ដែលមកពីបណ្តាក្រុង-ស្រុក ដែលខ្វះខាត សូមធ្វើការទំនាក់ទំនងតាមរយៈក្រុង-ស្រុកសាម៉ី និងរៀបចំកន្លែងផ្ញើកង់ ម៉ូតូ ដោយពុំតម្រូវឲ្យមានការបង់ប្រាក់នោះទេ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សសាលា ត្រូវស្លៀកសំលៀកបំពាក់ឯកសណ្ឋានជាសិស្ស នៅពេលសិក្សា ក៏ដូចជានៅពេលប្រឡងបាក់ឌុបជាដើម។ បន្ទាប់ពីក្មួយៗ ប្រឡងបាក់ឌុបចប់ ត្រូវមានគោលដៅច្បាស់លាស់ និងមានផែនការមុតស្រួច ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួន

យោងតាមរបាយការណ៍លោក ជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា មានចំនួន ១០មណ្ឌល ដែលចែកចេញជាពីរផ្នែក គឺមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៦មណ្ឌល មានសិស្សប្រឡងសរុបចំនួន ៤,៤៩៨នាក់ ថ្នាក់វិទ្យាសាស្ត្រចំនួន ១,៨៧២នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ២,៦២៦នាក់ បើធៀបទៅនឹងឆ្នាំ២០១៧ បេក្ខជន បេក្ខនារី កើនឡើង ២៦០នាក់ ស្នើរនឹង ៦,១៣ភាគរយ។ ទន្ទឹមនឹងនោះ ក៏មានអ្នកចូលរួមសង្កេតការណ៍ត្រួតពិនិត្យនៅពេលប្រឡង មានចំនួន ១៩៨នាក់ ដែលមកពី ៥ស្ថាប័ន និងបុគ្គលឯកជនផងដែរ៕