ការអូសបន្លាយ​សកម្ម​ភាព​គ្រប់​គ្រោង​ដោយ​រដ្ឋាភិបាលយោធា ថៃ​កំពុង​ឆ្ពោះទៅកាន់​របប​ផ្តាច់ការ​

0

​រដ្ឋាភិបាលយោធា​ថៃ​កំពុង​ស្ថិ​ន​នៅក្នុង​តំណាក់កាល​នៃ​ការពង្រឹង​អំណាច បើទោះបី​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​គ្រប់ទិសទី​ក៏ដោយ​។ ប្រមុខ របប​សឹក​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាស​ថ្ងៃ​អង្គារ​ទី ៣១ មីនា ពី​គម្រោង​ដកចេញ​ច្បាប់អាជ្ញាសឹក ដែល​ត្រូវ​បានដាក់​ឲ្យ​f2អនុវត្ត កាលពី​ខែឧសភា គឺ​ពីរ​ថ្ងៃមុន កងទ័ព​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស្របច្បាប់ របស់លោក​ស្រី យី​ង​ឡាក់ ស៊ី​ណាត់​។ យ៉ាងណា​ក៏ ដោយ ប្រជាជន​ថៃ ក៏​មិនត្រូវ​ត្រេកអរ​ពេក​ដែរ ព្រោះថា ក្រឹត្យ​ថ្មី​មួយ នឹងត្រូវ​ប្រកាស​ឲ្យ​ដឹង នៅ​ថ្ងៃ​ខាងមុខ ដើម្បី​ដាក់​ឲ្យ​ប្រើ ជំនួស​ច្បាប់អាជ្ញាសឹក​ដែល​របប​សឹក​ត្រូវ​ដកចេញ​នោះ​។​

f3

​មេដឹកនាំ​របប​សឹក​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយប្រាប់​អ្នកកាសែត កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​ដាក់សំណើ​រួចហើយ ទៅ​ព្រះ​ចៅ​ភូមិបុល ដើម្បី​សុំ​អនុញ្ញាត​ដកចេញ ច្បាប់អាជ្ញាសឹក ដែល​បានដាក់​ឲ្យ​អនុវត្ត​ក្នុងប្រទេស​ថៃ ចាប់តាំងពី​ថ្ងៃមុន​ធ្វើ​រដ្ឋប្រហារ នា​ខែឧសភា​។ តាម​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ការសម្រេចចិត្ត កំពុង​ស្ថិតនៅ ក្នុង​ព្រះហស្ត​របស់​ព្រះមហាក្សត្រ​។​​តាម​អ្នកនាំពាក្យ​របស់​របប​សឹក លោក ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​ឆ្លើយតប​ទៅតាម​ការទាមទារ​រប​ស់​សម្ព័ន្ធមិត្ត ប​ស្ចឹ​ម​លោក​និង​ក្រុមហ៊ុន​វិនិយោគឯកជន ជាពិសេស ទីភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​កត់សំគាល់ឃើញ​វិស័យនេះ រង​ប៉ះពាល់​ខ្លាំង ដោយសារ​បាតុកម្ម និង​ច្បាប់អាជ្ញាសឹក​។​

f4

​នៅ​២​ថ្ងៃ មុន​ធ្វើ​រដ្ឋប្រហារ យោធា កងទ័ព​ដឹកនាំ​ដោយ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក ក្នុង​គោលដៅ ស្តារ​សណ្តាប់ធ្នាប់​ក្នុងប្រទេស ដែល​ជួប​អស្ថិរភាព នយោបាយ និង​បាតុកម្ម​រាប់​ខែ ប្រឆាំង​រដ្ឋាភិបាល​រប​ស់លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​។ ច្បាប់អាជ្ញាសឹក​ថៃ​អនុញ្ញាត បើកដៃ ឲ្យ​កងទ័ព​ចាប់ ឃុំ ឬ​ប្តឹង​មនុស្ស នៅ​តុលាការយោធា​។ ច្បាប់អាជ្ញាសឹក​ហាមឃាត់​ផងដែរ មិន​ឲ្យ​មានការ​ជួបជុំ​នយោបាយ ដែលមាន​មនុស្ស​ចាប់ពី ៥​នាក់​ឡើងទៅ​។​​ច្បាប់អាជ្ញាសឹក នឹងត្រូវ​ដកចេញ ប៉ុន្តែ តាម​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា វា​នឹងត្រូវ​ជំនួស​ដោយ​ក្រឹត្យ​ថ្មី​មួយ ដែល​នឹង​ត្រូវគេ​ប្រកាស នៅ​ថ្ងៃ​ខាងមុខ​។ មេដឹកនាំ​របប​សឹក ចង់​ប្រើ ក្រឹត្យ ថ្មី លេខ ៤៤ នៃ​រដ្ឋធម្មនុញ្ញ​ថ្មី មក​ជំនួស​ច្បាប់អាជ្ញាសឹក​វិញ​។​

f1

​សកម្មជន​សិទ្ធិមនុស្ស និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch ជាដើម បាន​សំដែង​ការព្រួយបារម្ភ បើសិន របប​សឹក ចាប់​អនុវត្ត ក្រឹត្យ លេខ ៤៤​ជំនួស​ច្បាប់អាជ្ញាសឹក​មែន​។ សម្រាប់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ក្រឹត្យ​លេខ ៤៤ នឹងធ្វើ​ឲ្យ​ប្រទេស​ថៃ ធ្លាក់ចូល​ក្នុង​របប​ផ្តាច់ការ ព្រោះ​ក្រឹត្យ​នេះ​បានចែង​ពី​ការផ្តល់អំណាច ពេញទី ដល់​ប្រមុខ​ដឹកនាំ​យោធា គឺ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​។ ដោយយោង​ទៅលើ​ហេតុផល សន្តិសុខ​ជាតិ របប​សឹក អាចអនុវត្ត​ក្រឹត្យ លេខ ៤៤ ដោយ​មិនចាំបាច់​ឆ្លងកាត់ សុំ​ការអនុញ្ញាតិ ពីស​ភា​។ ក្រឹត្យ​លេខ ៤៤​នឹង​អនុញ្ញាត​ឲ្យ​យោធា​អាច​ចាប់ចង ឃុំ សួរចម្លើយ មនុស្ស រយៈពេល ៧​ថ្ងៃ ដោយ​មិនចាំបាច់​មាន​ដីកា​ពី​តុលាការ ឬ​បញ្ជាក់​ហេតុផល​៕