​អភិបាលស្រុក​ស្ទោង​សហការ​ជាមួយ​ការិយាល័យបស្សុព្យាបាល​សត្វ​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​

0

កំពង់ធំៈ លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង សហការជាមួយលោក ម៉ក់ យុទ្ធនា អនុប្រធានមន្ទីកសិកម្មខេត្តកំពង់ធំ ចុះចាក់វ៉ាក់សាំងគោដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ ក្រសាំងជ្រុំជើង ឃុំសព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ និងត្រូវបានចុះយុទ្ធនាការចាក់វ៉ាក់សាំងចំនួន ៣ឃុំ គឺឃុំប្រឡាយ ឃុំ ពពក និងឃុំ សព្រោជ ស្រុកស្ទោង ដើម្បីការពារសត្វពាហនៈរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់មេរោគឡើងមកតាមទឹក ជំនន់ ។
លោក ម៉ក់ យុទ្ធនា អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ទទួលបន្ទុកផលិតកម្មបស្សុព្យាបាលសត្វ បានឲ្យដឹងថា ដោយយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងដល់សត្វពាហនៈ គឺត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ ខណៈពេលដែលឈានចូលដល់រដូវវស្សា ដើម្បីទប់ស្កាត់ការរាតល្បាតជំងឺឆ្លងដល់សត្វគោ ក្របីរបស់ប្រជាពលរដ្ឋ តាមការចង្អុនបង្ហាញរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទ និងជាការយកចិត្តទុកដាក់របស់លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ដោយឡែកការចុះចាក់វ៉ាកសាំងនេះ ជំហ៊ានដំបូងគឺត្រូវបានប្រ់ប្រាស់ថ្នាំសម្រាប់ការពារជម្ងឺសារទឹក ដែលជាជម្ងឺងាយនិងឆ្លងតាមទឹកជំនន់ ហើយនិងបន្ត ការចាក់វ៉ាក់សាំងការពារជំងឺបូសខ្យល់ និងជម្ងឺអុតក្តាម ក្នុងរយះពេលចុះអនុវត្តវិធានការចាក់វ៉ាកសាំងនៅភូមិ សព្រោជចំនួន ១៥៣ក្បាល និងសរុបទាំង៣ឃុំបានជាងពាន់ក្បាល។
លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានយកចិត្តទុកដាក់ចំពោះជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកកន្លងមក ជាពិសេសក្នុងរដូវវស្សានេះ លោកបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វពាហនៈ ឲ្យនាំយកសត្វរបស់ខ្លួនមកចាក់វ៉ាក់សាំងការពារជំងឺឲ្យបានទាន់ពេលវេលា ដោយមានពេទ្យសត្វ ប្រចាំភូមិចាំទទួលបំរើសេវាកម្មជូនបងប្អូន ដើម្បីបញ្ជ្រៀសជំងឺមកតាមទឹកជំនន់ និងសំណូមពរឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយស្ទឹងស្ទោង និងតាមទីកន្លែងផ្សេងៗ ឲ្យមានការប្រុងប្រយ័ត្នចំពោះកូនចៅ និងសត្វចិញ្ចឹម ដែលអាចនិងមានគ្រោះថ្នាក់ដោយសារទឹកបាន ។
ដោយ ប៊ុន រដ្ឋា