សម្តេច​ក្រ​ទ្បា​ហោម​សខេង​ជា​អធិបតីភាព​ខ្ពង់ខ្ពស់​ ​តែងតាំង​លោក​អ៊ុន​ចាន់​ដា​ជា​អភិបាលខេត្ត​ព្រះវិហារ​

0

ខេត្តព្រះវិហារ អបអរពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងអភិបាលអភិបាលរងនៃគណះអភិបាលខេត្តព្រះវិហារជាផ្លូវការក្រោមអធិបតីភាពខ្ពង់ខ្ពស់សម្តេចក្រទ្បាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងវត្តមានប្រតិភូមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀតនៅព្រឹកថ្ងៃទី២២សីហា២០១៦ស្ថិតនៅសាលប្រជុំសាលាខេត្តព្រះវិហារ។
ពិធីប្រកាសនេះមានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំមន្ទីរអាជ្ញាធរមូលដ្ឋាននិងថ្នាក់ដឹកនាំកងទ័ពនៅតំបន់ប្រាសាទព្រះវិហារជុំវិញខេត្តសរុបចំនួនជាង៥០០នាក់ប្រកបដោយភាពអធិកអធមបំផុត។
លោកអ៊ួងចន្ធីប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃបានអញ្ជើញទ្បើងអានព្រះរាជក្រឹត្យនិងអនុក្រឹត្យស្ដីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជាការដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងលោកអ៊ុនចាន់ដាអភិបាលរងខេត្តព្រះទ្បើងជាអភិបាលខេត្តព្រះវិហារជំនួសលោកអ៊ុំម៉ារ៉ាអភិបាលខេត្តព្រះវិហារហើយលោកអ៊ុងវុទ្ធីប្រធានរដ្ឋបាលសាលាខេត្តព្រះវិហារត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះវិហារផងដែរ។
លោកអ៊ុនចាន់ដាអភិបាលខេត្តព្រះវិហារទើបទ្បើងកាន់តំណែងថ្មីបានប្តេជាបន្តដឹកនាំកសាងនិងអភិវឌ្ឍន៍ខេត្តព្រះវិហារអោយមានការរីកចំរើនបន្ថែមទៀតបន្តវេនពីលោកអ៊ុំម៉ារ៉ាអភិបាលខេត្តព្រះវិហារដែលបានខិតខំយកចិត្តទុកដាក់កសាងសមិទ្ធិផលអោយមានការរីកចំរើនច្រើនឆ្នាំកន្លងមកនេះ។ គណះអធិបតីបានសម្រេចធ្វើពិធីប្រគល់ត្រារដ្ឋបាលខេត្តជូនលោកអ៊ុនចាន់ដាអភិបាលខេត្តព្រះវិហារដោយសម្តេចក្រទ្បាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំនួសលោកអ៊ុំម៉ារ៉ាអភិបាលខេត្តព្រះវិហារដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងមហាផ្ទៃខាងមុខនេះ។ សម្តេចក្រទ្បាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍សំណេះសំណាលនិងផ្តាំផ្ញើទៅកាន់អង្គពិធីទាំងមូលដូច្នេះថាការប្រកាសផ្ទេរភារកិច្ចនិងតែងតាំមន្ត្រីរាជការគឺជារឿងធម្មតាក្នុងការរៀបចំតំណែងមុខងារសាធារណះដើម្បីលើកស្ទួយរដ្ឋបាលខេត្តអោយកាន់តែមានភាពល្អប្រសើរស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។យោងតាមសម្លេងគាំទ្រច្រើនពីគណះកម្មាធិការបក្សប្រជាជនខេត្តក្រុមប្រឹក្សាខេត្តព្រះវិហារនិងពីបណ្តាមេបញ្ចាការកងទ័ពសំខាន់ៗជុំវិញតំបន់ប្រាសាទព្រះវិហារទើបរាជរដ្ឋាភិបាលសម្រេចប្រកាសតែងតាំងលោកអ៊ុនចាន់ដាជាអភិបាលនៃគណះអភិបាលខេត្តព្រះវិហារ។ សម្តេចក្រទ្បាហោមបានមានប្រសាសន៍កោតសរសើរលោកអ៊ុំម៉ារ៉ាអតីតអភិបាលខេត្តព្រះវិហារថាបានចូលរួមចំណែកកសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងនោះបានរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាននិងនៅតំបន់ព្រំដែនប្រាសាទព្រះវិហារការពារប្រជាពលរដ្ឋពេលមានទុក្ខលំបាកបានល្អប្រសើរផងដែរ។
សម្តេចក្រទ្បាហោមសខេងបានថ្លែងសង្កត់ធ្ងន់ថាលោកអ៊ុនចាន់ដាបានក្លាយជាថ្នាក់ដឹកនាំខេត្តនាំវ័យក្មេងពោរពេញដោយបទពិសោធន៍បម្រើប្រជាពលរដ្ឋបានល្អនាពេលកន្លងមកគឺសក្តិសមជាអភិបាលខេត្តព្រះវិហារនាពេលនេះហើយរៀនសូត្រចេះដឹងបានច្រើនថែមទៀត។សម្តេចក្រទ្បាហោមក្រើនរំលឹកដល់លោកអ៊ុនចាន់ដាអភិបាលខេត្តព្រះវិហារថ្មីសហការជាមួយក្រុមប្រឹក្សាខេត្តព្រះវិហារមន្ដ្រីរាជការជុំវិញខេត្តនិងប្រជាពលរដ្ឋទាំងអស់ដើម្បីដឹកនាំកសាងអភិវឌ្ឍន៍ខេត្តព្រះវិហារអោយកាន់រីកចំរើនថែមទៀត៕
018 14095725_1734154776833799_2911441430468659445_n 14064148_1733773153538628_4612217518689202368_n 14021636_1733796400202970_2114760329570134411_n 14053854_1733796493536294_7291023722206895145_o