VIDEO  ពិធីអបអរខួបរំលឹកគុណមាតាបិតានិងលោកគ្រូអ្នកគ្រូ របស់សាលារៀនបឋមសិក្សាគំរូវត្តបូព៌

0

សៀមរាបៈ ទិវាខួបរំលឹកគុណគ្រូ និងមាតាបិតា របស់សាលាគំរូ បឋមសិក្សាវត្តបូព៌ ត្រូវបានប្រារព្វឡើង គឺជាគោលបំណង ជម្រុញឲ្យសិស្សានុសិស្សទាំងអស់ ទំលាប់នូវវប្បធម៌ដឹងគុណដល់លោកគ្រូ អ្នកគ្រូ មាតាបិតានិងព្រះសង្ឃផងដែរ ដើម្បីឲ្យសិស្សដែលកំពុងតែចាប់យកចំណេះដឹងចេះដឹងខុសត្រូវ និងក្លាយជាសិស្សល្អ កូនល្អ មនុស្សល្អ និងក្លាយជាថ្នាក់ដឹកនាំល្អនៅក្នុងសង្គមនាពេលអានាគត់ ។

សាលាបឋមសិក្សាវត្តបូព៌ គឺជាសាលារៀនគំរូល្អ ក្រោមការដឹកនាំរបស់លោក ពឹង គឹមឆេន នាយកសាលា បឋមសិក្សាវត្តបូព៌ បានធ្វើឲ្យកេរ្ត៍ឈ្មោះល្បីល្បាញសុះសាយទូទាំងប្រទេសទាំងជាតនិងអន្តរជាតិផងដែរ ប្រកបដោយវិន័យ និងសេចក្តីថ្លៃថ្នូរ លោក ពឹង គឹមឆេន បានបញ្ជាក់ថា ការរំលឹកគុណគ្រូនាពេលថ្ងៃនេះ គឺជាធម៌ដែលអាចរំដោះទុកព្រួយរបស់មនុស្សបាន មនុស្សម្នាក់ៗបើសិនជាភ្លេចគុណនេះ គឺមិនខុសអ្វីពីសត្វតិរិច្ឆាន​ឡើយ ក្នុងនាមជាសិស្ស ឬជាមនុស្សរស់នៅក្នុងសង្គម គួរសម្តែងគុណទៅលើមនុស្សគ្រប់វ័យ គ្រប់ឋានៈទាំងអស់ដែលគេបានធ្វើល្អចំពោះយើង ជាក់ស្តែងការប្រារព្វពិធីរំលឹកគុណគ្រូនាថ្ងៃនេះ ដើម្បីឲ្យសិស្សា​នុសិស្ស និងលោកគ្រូ​ អ្នកគ្រូ បានតបស្នងសងគុណចំពោះមនុស្សជាទីស្រឡាញ់ និងជាទីគោរពរបស់ខ្លួន ។

មាតា បិតាសិស្ស ទាំងអស់ពេលបានឃើញ ទិដ្ឋភាពក្នុងបរិយាកាសដ៏រំភើបរបស់កូនៗ ចំពោះលោកគ្រូ អ្នកគ្រូ និងមាតាបិតារបស់ខ្លួន បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលដែលបានឃើញកូនជាទីស្រឡាញ់ របស់ខ្លួនចេះគោរពចាស់ទុំចេះសំពះ ចេះគួរសម ដោយកាយវិការអោនលំទន គួរអោយស្រឡាញ់ និងបានចូលរួមគាំទ្រនូវសកម្មភាពវប្បធម៌រំលឹកគុណដល់មនុស្សជាទីស្រឡា​ញ់របស់ខ្លួន។

លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាវត្តបូព៌ មានប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្រៀន និងអប់រំដល់សិស្សា​នុសិស្សទាំងអស់ ឲ្យក្លាយទៅជាមនុស្សទាន់សម័យ ចេះអភិវឌ្ឍន៍ខ្លួនឯង មានការរីកចម្រើនទាំងខាងប្រាជ្ញា ស្មារតីដើម្បីបម្រើគ្រួសារ និងសង្គមជាតិទាំងមូល និងសូមឲ្យមាតា​បិតា អាណាព្យាបាល ជួយមួយផ្នែកក្នុង ការចូលរួមអប់រំដល់កូនជាទីស្រឡាញ់របស់ខ្លួន ឲ្យធ្វើអំពើល្អចំពោះអ្នកមានគុណ ដើម្បីឲ្យក្លាយទៅជាកូនល្អ សិស្សល្អ ក្នុងសង្គម។

ដោយ  ប៊ុន  រដ្ឋា