ក្នុងមួយថ្ងៃៗពលរដ្ឋខ្មែរចំនួន១០០ទៅ១៥០នាក់ ទាំងរស់នៅខេត្តឧត្តរមានជ័យ និងមកពីខេត្តផ្សេងៗបានឆ្លងដែន ទៅពិនិត្យនិងព្យាបាលជម្ងឺនៅឯខេត្តសុរិន្ទ

0

ឧត្តមរមានជ័យ៖ អ្នកស្រី ឌី សុផល ក្នុងចំណោមពលរដ្ឋខ្មែរជាច្រើនទៀត ដែលមកពីខេត្តកំពង់ធំ ហើយឆ្លងដែនទៅព្យាបាលជម្ងឺនៅខេត្តសុរិន្ទ ។អ្នកស្រី មានប្រសាសន៍ថាគាត់មានជម្ងឺអាស៊ីដក្នុងក្រពះ ឬរលាកក្រពះ រយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែនៅស្រុកខ្មែរ គាត់មិនព្យាបាលទេ គឺគ្រាន់តែទិញថ្នាំមកលេប

បន្តិចបន្តួចប៉ុណ្ណោះ។អ្នកស្រី សុផលបញ្ជាក់ថាការដែលអ្នកស្រីទៅព្យាបាលជម្ងឺនៅប្រទេសថៃ ពីព្រោះតែអ្នកស្រីមានទំនុកចិត្តទៅលើសមត្ថភាពគ្រូពេទ្យរបស់គេ។
លោក ព្រំ ផាន់នី បុរសម្នាក់ទៀត ដែលមកពីខេត្តកំពង់ធំដែរនោះបាន មានប្រសាសន៍ថា លោកធ្លាប់ទៅព្យាបាលជម្ងឺនៅខេត្តសុរិន្ទប្រទេសថៃ ចំនួន២ដងហើយ ។ការដែលលោក ចូលចិត្តទៅព្យាបាលជម្ងឺនៅប្រទេសថៃ ពីព្រោះតែវាហាក់ដូចជាគ្រូពេទ្យបរទេស មើលថែជម្ងឺ សមប្រកប និងមានវិជ្ជាជីវៈ ជាងពេទ្យស្រុកខ្មែរ។
លោក គឹម កន ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិព្រំដែនអូរស្មាច់ ឱ្យដឹងថាក្នុង១ថ្ងៃៗ មានពលរដ្ឋខ្មែរចំនួនពី១០០ទៅ១៥០នាក់ ដែលនាំគ្នាឆ្លងដែនទៅពិនិត្យនិងព្យាបាលជម្ងឺនៅខេត្តសុរិន្ទប្រទេសថៃ។ថ្វីត្បិតតែគ្មានតួលេខនៅក្នុងដៃ ប៉ុន្តែប្រធានទីស្នាក់ការច្រកទ្វាព្រំដែន អះអាងថាចំនួនពលរដ្ឋខ្មែរ ដែលចេញទៅពិនិត្យនិងព្យាបាលជម្ងឺនៅប្រទេសថៃ គឺមានការកើនឡើង៕ខេង ឧត្តម