កំាភ្លើងត្បាល់ និងគ្រាប់រ៉ុក្កែតដែលថៃចាប់បាន ថាទិញពីភាគីខ្មែរ

0

ប្រទេសថៃ៖ កាំភ្លើងត្បាល់ ធុនធ្ងន់ និងគ្រាប់រ៉ុក្កែត មួយចំនួន ដែលក្រុមតម្រួតថៃចាប់បាននៅក្នុងខេត្តស្រះកែវ ត្រូវបានជនសង្ស័យឆ្លើយសារភាពថា បានយកពីខាង ទឹកដីកម្ពុជា ដោយភាគីខ្មែរជាអ្នកផ្តល់អោយ ខណៈដែលជនសង្ស័យចំនួន៥នាក់
បានធ្វើការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទាំងនេះ ចេញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ
ចូលទៅក្នុងប្រទេសថៃ ដោយបានឆ្លងកាត់ខេត្តស្រះកែវ ក៏ត្រូវកំលាំងស្ទាក់ចាប់តែម្តង ។
យោងតាមរបាយការណ៍ដែលយើងទទួលបានគឺនៅវេលាម៉ោង ០០ និង៣០ នាទី
រំលងអាធ្រាត ឈានចូលយប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧ កំលាំងស្នងការដ្ឋាន
តម្រួតខេត្តស្រះកែវ បានចុះសហការជាមួយកំលាំងអធិការដ្ឋាន ស្រុកអារញ្ញប្រាថេត
និងកំលាំងអធិការដ្ឋាន ស្រុកមឿងស្រះកែវ បានចេញប្រតិបត្តិការ បន្ទាប់ពីទទួលបាន
នូវសេចក្តីរាយការណ៍ស្តីពីករណីជួញដូរអាវុធខុសច្បាប់ ។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅលើ
កំណាត់ផ្លូវលេខ ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿងស្រះកែវ ខេត្តស្រះកែវប្រទេសថៃ ខណៈដែលរថយន្តរបស់មុខសញ្ញាចំនួន៣គ្រឿង បានបង្ហាញខ្លួន នៅ កន្លែងស្ថានីយ៍ប្រេងឥន្ធនៈខាងលើនេះ ។ ក្រោយពេលធ្វើការឡោមព័ទ្ធពីកំលាំងតម្រួតថៃ គឺជនសង្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លួន ដែលពួកគេទាំងនោះមានឈ្មោះ ១. ផាណា ឆៃគង់ ភេទប្រុស អាយុ៣៨ឆ្នាំ២. ប៊ុនថាំ ជ័យជំនះ ភេទប្រុស អាយុ៥២ឆ្នាំ ៣. ខុមសាន់ កិច្ចថាវ៉នអាជីព ភេទប្រុសអាយុ៣០ឆ្នាំ ៤. ឧទ័យ ជ័យជំនះ ភេទប្រុស អាយុ៤៨ឆ្នាំ និង៥. មានជ័យ កាន់ប្រៈសុំ ភេទប្រុស អាយុ៣២ឆ្នាំ ។ នៅក្នុងពេលចាប់ខ្លួននោះ សមត្ថកិច្ចបានឆែកឆេរ និងធ្វើការត្រួតពិនិត្យទៅលើរថយន្តទាំង៣គ្រឿង គឺបានរកឃើញវត្ថុតាងមួយចំនួន ដែលសុទ្ធសឹងតែជាអាវុធធុនធ្ងន់ទាំងអស់ ដែលក្នុងនោះរួមមាន៖ កាំភ្លើងផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន ២ ដើម កាំភ្លើងផ្លោងធុន ៨១ មីល្លីម៉ែត្រ ចំនួន១ដើម គ្រាប់ផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន ៣ គ្រាប់គ្រាប់រ៉ុក្កែតដុតឆ្នួន ចំនួន ៣ ឈុត រថយន្ត ចំនួន ៣ គ្រឿង និងទូរស័ព្ទដៃ ចំនួន ៦ គ្រឿង ។
ជុំវិញការជួញដូរអាវុធខុសច្បាប់ របស់ជនសង្ស័យទាំង ៥ នាក់ ដែលផ្ទុយពីមាត្រាដែល បានចែងថា ហាមនាំយកអាវុធ គ្រាប់រំសេវ ទៅធ្វើចរាចរណ៍លើផ្លូវសាធារណៈ ដោយគ្មានការអនុញ្ញាត នោះ ត្រូវបានកំលាំងតម្រួតចាត់បញ្ជូន រួមជាមួយនឹងវត្ថុតាង ទៅកាន់ស្នងការ ខេត្តស្រះកែវ ក្នុងការសាកសួរបន្ថែមជុំវិញការនាំអាវុធដោយខុសច្បាប់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបន្តបើកការស្រាវជ្រាវថា តើអាវុធទាំងនេះយកមកពីប្រភពណា ហើយពួកគេនាំយកទៅណា អោយបានច្បាស់ ៕