សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យប្រើប្រាស់រថយន្តពិសោធន៍ចល័តដើម្បីរុករកសារធាតុគីមីលើចំណីអាហារ

0

បន្ទាយមានជ័យៈ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋជាអ្នកទទួលទាន នៅព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០១៧នេះ ក្រោមការដឹកនាំរបស់ លោក

ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានប្រើប្រាស់រថយន្តពិសោធន៍ចល័តអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មធ្វើការ ត្រួតពិនិត្យរកសារធាតុគីមីដែលដាក់លើចំណីអាហារ បន្លែផ្លែឈើនិង ត្រីសាច់ក្នុងផ្សារហ៊ុយឡេងស្ថិតក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
ថ្លែងប្រាប់អ្នកយកពត៌មានលោក ស៊ាន ស៊ីណាត បានឲ្យដឹងថា ដោយផ្អែកទៅលើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងការណែនាំ​របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល លោកតែងតែដឹកនាំមន្ត្រីក្រោមឱវាទដោយសហការជាមួយមន្ត្រីពាក់ពន្ធ័ចុះជាប្រចាំរៀងរាល់មួយខែ២ម្តងនៅតាមទីផ្សារនានា សាលារៀន ផ្សារទំនើបនិងម៉ាតដើម្បីតាមដានត្រួតពិនិត្យនឹងអប់រំដល់អាជីវករដែលឆ្លៀតដាក់លក់នូវផលិតផលហាមឃាត់ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទាន។
លោកបានបញ្ជាក់ផងដែរថានៅថ្ងៃនេះមន្ត្រីជំនាញបានយកផលិតផលចំនួន២៦មុខមកធ្វើការពិសោធន៍។
ជាមួយគ្នានេះដែរ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានអំពាវនាវ ដល់បងប្អូនអាជីវករមេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យផលិតផលឲ្យបានច្បាស់លាស់ មុននឹងដាក់តាំងលក់ឲ្យបងប្អូនប្រជាពលរដ្ឋ ទិញយកទៅបរិភោគ ហើយត្រូវចូលរួម​សហការជាមួយ មន្ត្រីកាំកុងត្រូល បើសិនមានជនណា ឬក៏ក្រុមហ៊ុនណា ហ៊ានបន្លំយកផលិតផលក្លែងក្លាយខូចគុណភាព ហួសសុពលភាពប្រើប្រាស់ និងមានផ្ទុកសារធាតុគីមី យកមកលក់ និងចែកចាយនោះ សូមរាយការណ៍ និងទាក់ទងមកកាន់ មន្ត្រីកាំកុងត្រូលជាបន្ទាន់ ដើម្បីងាយស្រួលក្នុងការចុះទប់ស្កាត់ និងហាមឃាត់ភ្លាមៗ៕ដោយ៖ឃិន គន្ធា