លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រគួតប្រណាំងទូក និងប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភី

0

៖ខេត្តស្វាយរៀង៖លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រគួតប្រណាំងទូក និងប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភី នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង នារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៧ ។

លោកជំទាវបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្ដិភាពពេញបរិបូរណ៍ មានការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើង មានសុភមង្គលប្រកបដោយសុខដុមរម្យនា ទន្ទឹមនេះសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការប្រារព្ធពិធីបុណ្យជាតិ ពិធីប្រពៃណី បុណ្យសាសនាផ្សេងៗ ត្រូវបានរៀបចំធ្វើឡើងយ៉ាងសប្បាយរីករាយ។ ដោយឡែកកម្មវិធីប្រណាំងទូកនៅខេត្តស្វាយរៀងនេះ បានប្រព្រឹត្តពេញមួយថ្ងៃ ដោយមានការចូលរួមពីសំណក់ឯកឧត្តម លោកជំទាវ ឧកញ៉ា ថ្ឋាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋបានចូលរួម ក្នុងកម្មវិធីយ៉ាងច្រើនកុះករ ។ ក្នុងនោះផងដែរ ម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ ១ ទទួលបាន ពានមួយ និងថវិកា ២០លានរៀល ជ័យលាភីចំណាត់ថ្នាក់លេខ ២ ទទួលបាន ពានមួយ និងថវិកា ១០លានរៀល និងជ័យលាភីចំណាត់ថ្នាក់លេខ ៣ ទទួលបាន ពានមួយ និងថវិកា ៥លានរៀល ហើយក្នុងនោះ ទូកទាំង ៤៦ ក៏ទទួលបានថវិកាលើកទឹកចិត្តបន្ថែម ១លានរៀលទៀតផងដែរ។

លោកជំទាវក៏បាន ថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដែលបានជួយសម្របសម្រួលដល់ការរៀបចំពិធីប្រណាំងទូក និងបាននាំមកនូវកីឡាករទូក និងទូកពីបណ្ដារាជធានី-ខេត្ដនានាមកចូលរួមប្រណាំង នាឱកាសនេះ និងនាំមកនូវតន្រ្តីស្រុកស្រែរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នសំដែងជូនកំសាន្តក្នុងពេលរាត្រី ដើម្បីចូលរួមអបអរសាទរបង្កើនភាពសប្បាយរីករាយឱ្យកាន់តែមានភាពអធិកអធមបន្ថែមទៀត៕