កូនប្រុសអកតញ្ញូបែកថ្នាំទាញកាំបិតដេញកាប់ឪពុកម្តាយត្រូវសមត្ថកិច្ចប៉ូលិសស្រុកត្រាំកក់ចាប់ខ្លួន

0

តាកែវ ៖ ជនសង្ស័យប្រើប្រាស់ថ្នាំញៀនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹងផ្ទាល់មាត់ពីអាណាព្យាបាលបន្ទាប់ពីជនសង្ស័យរូបនេះកុំពុងតែស្រវឹងថ្នាំញៀននិងកាន់កាំបិតកញ្ចែតធ្វើសកម្មភាពដេញកាប់ឪពុកម្តាយ។
ហេតុការណ៍កូនញៀនថ្នាំប្រើប្រាស់ហិង្សាទៅលើគ្រួសារនេះបានកើតឡើងនៅថ្ងៃ០៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង២៥នាទីនៅក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ករណីនេះតាមការឲ្យដឹងពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរដែលបានទទួលពាក្យបណ្ដឹងផ្ទាល់មាត់របស់ឈ្មោះអ៊ុក យ៉ន ភេទប្រុស អាយុ៥៤ឆ្នាំរស់នៅភូមិឃុំកើតហេតុនិងត្រូវជាឪពុកជនសង្ស័យបានប្រាប់ថា ជនសង្យ័យជាកូនមានឈ្មោះ ហៀង រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំរស់នៅជាមួយគ្នាបានប្រដាប់ដោយកាំបិតកញ្ចែត ធ្វើសកម្មភាពដេញកាប់ឪពុកម្ដាយគំរាមថានឹងសម្លាប់តែត្រូវពួកគាត់រត់គេចរួច ហើយជនសង្ស័យបានវាយពាងបែកមួយ កៅអីអង្គុយចំនួន០២។ សមត្ថកិច្ចបញ្ជាក់ថាមូលហេតុនេះគឺដោយជនសង្ស័យបានប្រើប្រាស់សារធាតុញៀននិងបានវង្វេងស្មារតីក្រោយប្រើប្រាស់ទើបធ្វើសកម្មភាពគំរាមឪពុកម្តាយដូច្នេះ។ ចំណែកឪពុកម្តាយជនសង្ស័យវិញបានប្រាប់ដែរថា កូនគាត់ដែលជាមនុស្សញៀនថ្នាំនេះបានគំរាមសម្លាប់ពួកគាត់ជាញឹកញប់និងបានវាយបំផ្លាញទ្រព្យក្នុងផ្ទះអស់ជាច្រើនមកហើយទើបពួកគាត់សម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យធ្វើតាមផ្លូវច្បាប់តែម្តងទៅដើម្បីកុំឲ្យមានគ្រោះភ័យទៅថ្ងៃមុខ។
បច្ចុប្បន្នជនសង្ស័យក្នុងករណីនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកម្លាំងជំនាញនៃស្នងការនគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕