អភិបាលខេត្តព្រះសីហនុ និងសហការី ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃស្រះទឹកក្បែររោងចក្រស្រាបៀរអង្គរដើម្បីគ្រោងធ្វើជាសួនច្បារលំហែរកាយ

0

ព្រះសីហនុ: ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៏ថា៖”រដ្ឋបាលខេត្តព្រះសីហនុ គ្រោងអភិវឌ្ឍស្រះទឹកមួយនេះអោយក្លាយទៅជាសួនកំសាន្តមួយសំរាប់ជាប្រយោជន៏ដល់ពលរដ្ឋនៅតំបន់ជុំវិញនោះបានមកលំហែរនិងជួបប្រជុំគ្នាពេលមានកម្មវិធីផ្សេងៗ។”
នេះបើយោងតាមអ្វីដែល ឯកឧត្តម បានគូសបញ្ជាក់កាលពីព្រឹកថ្ងៃសៅរិ៏ ៩រោច ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីបានបញ្ចប់ការប្រកាសបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែជូនពលរដ្ឋនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ឯកឧត្តម យន្ត មីន បានបញ្ជាក់បន្ថែមថា “គម្រោងនេះកន្លងមកធ្លាប់បានអោយវិស្វករសិក្សាមើលហើយតែយើងនឹងអោយមន្ត្រីជំនាញធ្វើការពិនិត្យរឿងនេះឡើងវិញទៀតដើម្បីអោយប្រាកដថា គម្រោងមួយនេះនឹងអាចដំណើរការទៅបានដោយជោគជ័យសំរាប់ទុកជាប្រយោជន៏សាធារណៈជនទូទៅ។”
សូមបញ្ជាក់ថា ស្រះទឹកនេះត្រូវបានគេលួចធ្វើប្លង់កម្មសិទ្ធយកអស់មួយចំណែកទៅហើយតាំងពីឆ្នាំ១៩៩៧មកម្លេះ។ការធ្វើប្លង់យកដីស្រះទឹកនេះទើបតែបែកធ្លាយនៅពេលដែលរដ្ឋបាលខេត្តអោយមន្ត្រីជំនាញនិងវិស្វករសិក្សាសំរាប់ធ្វើជាសួនច្បារលំហែរសំរាប់ប្រជាពលរដ្ឋនៅជុំវិញនេះ(អ្នកឃ្លាំងលើ)ជួបជុំគ្នានៅពេលមានកម្មវិធីអ្វីមួយ។