ក្រុមJSTចំណាយពេលជាង៥ឆ្នាំជួសជុលបានចម្លាក់នាគជាង២០និងចម្លាក់តោជាង១០នៅប្រាសាទបាយ័ន

0
3

សៀមរាប: រយៈពេលប្រមាណ២ឆ្នាំទៀតប៉ុណ្ណោះ ចម្លាក់បង្កាន់ដៃនាគ និងចម្លាក់តោដែលរងហានិភ័យជាច្រើននៅជុំវិញប្រាសាទបាយ័ននឹងត្រូវជួសជុលរួចរាល់ ក្រុមជួសជុលដែលផ្តោតសំខាន់ទៅលើតែចម្លាក់ទាំងនេះគឺ ក្រុមគាំទ្រគម្រោងសម្រាប់កិច្ចការអភិរក្សអង្គរ និងអភិវឌ្ឍន៍សហគមន៍របស់ជប៉ុន ហៅកាត់ថា JST (Joint Support Team for Angkor Preservation and Community Development) ដែលជាផ្នែកមួយនៃស្ថាប័នJASA (Japan-APSARA for Safe Guarding Angkor) ។អ្នកជំនាញបុរាណវិទ្យា និងជាប្រធានគ្រប់គ្រងការដ្ឋាននេះ គឺលោក នៅ សុភក្តិ។ លោកបានរៀបរាប់ថា គម្រោងJSTបានដំណើរជួសជុលជាពិសេសទៅលើ តែចម្លាក់បង្កាន់ ដៃនាគ និងចម្លាក់តោ នៅប្រាសាទបាយ័ន ដោយបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១២មក។ មកទល់នឹងពេលនេះ គម្រោងជួសជុលសម្រេចបានចម្លាក់តោបានចំនួន១១ និងបង្កាន់ដៃនាគចំនួន២៨។តាមផែនការ គម្រោងនេះអាចនឹងបញ្ចប់នៅរយៈពេលប្រមាណ២ឆ្នាំខាងមុខ ពោលនៅឆ្នាំ២០២០។ នេះជាគម្រោងដែលធ្វើឡើងក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការសហព័ន្ធជាតិនៃសមាគម យូណេស្កូ ជប៉ុន និងជំនួយបច្ចេកទេសពីស្ថាប័នJASA និងអាជ្ញាធរជាតិអប្សរា។ពាក់ព័ន្ធនឹងការជួសជុលនេះដែរ លោក សុភក្តិ បានពន្យល់ថា ក្រុមការងាររបស់លោកមិនជួសជុលគ្រប់ចម្លាក់នាគ និងតោនៅបាយ័នទាំងអស់នោះទេ គឺសម្រេចជួសជុលតែចម្លាក់ណាដែលក្រុមអ្នកជំនាញពិនិត្យឃើញថា បានធ្លាក់ដល់ដី កប់ក្នុងដី ឬមានហានិភ័យខ្លាំង ដែលអាចរបេះធ្លាក់ ឬរលំនៅពេលខាងមុខ។ម្យ៉ាងទៀត ក្រុមការងារក៏ជួសជុលកម្រាលទ្រចម្លាក់ដែលស្រុត ដើម្បីឲ្យមានលំនឹងឡើងវិញផងដែរ និងមួយផ្នែកទៀត គឺពិនិត្យទៅលើចម្លាក់ណាដែលធ្លាប់បានទទួលការជួសជុលក្នុងសម័យបារាំង ដើម្បីដោះដែកទាម ឬដែកស្នូលដែលច្រេះពុកផុយ ហើយជួសជុលឡើងវិញ។ចំពោះគោលការណ៍នៃការជួសជុល គឺគោរពទៅតាមគោលការរួមនៃការថែរក្សានូវអត្តសញ្ញាណដើមនៃចម្លាក់បុរាណ ពោលគឺ ប្រើប្រាស់ថ្មចាស់ដែលមានស្រាប់ដើម្បីជួសជុល លើកលែងតែករណីចាំបាច់ខ្លាំងទើបមានការបន្ថែមថ្មថ្មីខ្លះ ដើម្បីឲ្យចម្លាក់មានលំនឹងជាដើម៕