សម្ភារៈសិក្សាបើគិតជាថវិការប្រមាណជាង៦០លានរៀលត្រូវបានចែកជូនដល់បុរីកុមារខេត្តកំពង់ធំ

0

(កំពង់ធំ)៖ សម្ភារៈសិក្សា មាន វចនានុក្រមអេឡិចត្រូនិច សៀវភៅ ប៊ិច សម្លៀកបំពាក់បើគិតជាថវិការប្រមាណជាង៦០លានរៀល ត្រូវបានធនាគារកាណាឌីយ៉ានាំយកចែកជូនដល់សិក្សានុសិស្សនៅបុរីកុមារខេត្តកំពង់ធំ យកទៅប្រើប្រាស់ក្នុងសកម្មភាពសិក្សាប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធិភាព ស្របតាមភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងក្រុមកាងារធនាគារ កាណាឌីយ៉ា បានធ្វើការប្រគល់ជូននូវសម្ភារៈសិក្សា ដែលមានដូចជា វចនានុក្រមអេឡិចត្រូនិច សៀវភៅ ប៊ិច សម្លៀកបំពាក់ និងថវិការមួយចំនួន បើសរុបជាថវិការប្រមាណជាង ៦០ លានរៀល ដែលជាការជួយឧត្តមពីធនាគារកាណាឌីយ៉ា ដើម្បីយកទៅបម្រើការក្នុងការជួួយជាស្មារតីសិក្សា ឲ្យកាន់តែមានប្រសិទ្ធិភាពស្របតាមការអភិវឌ្ឍ និងភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ដែលប្រទេសកម្ពុជាកំពុងអនុវត្តនូវកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ។ ក្នុងនោះដែរឯកឧត្តម បានលើឡើងថា ដោយសារតែបុរី កុមារមានភាពខ្វះខាតទាំងសម្ភារៈ និងធនធានប្រើប្រាស់ទើបមានការជួយគាំទ្រពីសំណាក់សប្បុរសជន មិនតែប៉ុណ្ណោះបុរីកុមារមានតួនាទី និងភារកិច្ចសំខាន់ ដែលមានទាំងកាចិញ្ចឹមថែរក្សាលើអាហាររូបត្ថម្ភ, ការអប់រំចំណេះដឹង និងបណ្តុះបណ្តាលបំណិនជីវិត។ ដើម្បីឆ្លើយតបនូវភាពទទួលបាននូវការអប់រំប្រកបដោយសមធម៌ ការប្រើប្រាស់នូវសម្ភារៈបច្ចេកវិទ្យា គឺបានផ្តល់នូវភាពរីកចម្រើនលើសតិបញ្ញា ក្នុងការគិតបានរហ័ស ពោលគឺការ ផ្គត់ផ្គង់នូវសម្ភារៈសិក្សាទាំងអស់នេះដែលបានជួយដល់បុរីកុមារឲ្យមានភាពងាយស្រួលបណ្តុះបណ្តាល ឲ្យមានភាពល្អប្រសើរបន្ថែមទៀត ដែលហាក់បីដូចជាយើងកំពុងដែរវេចខ្ចប់នូវចំណេះដឹងមកដល់ផ្ទះទៅហើយ ដូច្នេះដើម្បីឲ្យចំណេះដឹងនេះ មានភាពល្អប្រសើរព្រមទាំងរីកចម្រើន នោះត្រូវតែមានការខិតខំ និងយកចិត្តទុកដាក់ ពីក្មួយៗដោយផ្ទាល់ ព្រោះលោកគ្រូ អ្នកគ្រូ ជាអ្នកត្រួសត្រាយផ្លូវប៉ុណ្ណោះតែអ្នកដើរគឺជារូបក្មួយៗនេះឯង។ ដូច្នេះហើយ សូមក្មួយៗដើរតាមផ្លូវត្រូវខិតខំសិក្សា ស្វែងយល់ ពីខ្លឹមសារមេរៀនតាមការណែនាំរបស់របស់មាតា បិតាទី២ រួមទាំងជួយថែរក្សានូវសម្ភារៈដែលបានទទួលនៅថ្ងៃនេះ ប្រកបដោយភាពទទួលខុសត្រូវ ក្នុងភាពជាម្ចាស់ ការឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះផងដែរ លោក រាយម៉ុន សៃ (Raymond Sai) អគនាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា បានលើកឡើងថា សម្ភារៈដែលចែកជូនដល់បុរីកុមារខេត្តកំពង់ធំ រួមមាន វចនានុក្រមអេឡិចត្រូនិច កាណាតិច ១០០គ្រឿង សៀវភៅ ប៊ិច សម្លៀកបំពាក់ ៩០ កប្លេរ ទឹកសុទ្ធ និងថវិការ ៣ ០០០ ០០០រៀល បើសរុបជាថវិការ ប្រមាណជាង ៦០ លានរៀល ដើម្បីជួយរួមចំណែកបំពេញនូវចំណុចខ្វះខាតនៃសម្ភារៈដែលចាំបាច់ ក្នុងការអប់រំដល់ កុមារក្នុងមណ្ឌលបុរីកុមារ មានលទ្ធភាពប្រើប្រាស់ដូចកុមារដ៏ទៃទៀតដែរ។

ក្នុងនោះកុមារីដែលជាតំណាងឲ្យកុមារក្នុងមណ្ឌលបុរីកុមារ សម្តែងនូវការរីករាយសាទរ និងអរគុណចំពោះ ថ្នាក់ដឹកនាំខេត្ត និងធនាគារ កាណាឌីយ៉ា ដែលបានជួយឧត្ថម្ភ នូវសម្ភារៈទាំងនេះដល់ពួកគាត់ ព្រមទាំងសន្យាខិត ខំប្រឹងប្រែងរៀនសូត្រប្រកបដោយក្រមសីលធម៌ ដើម្បីក្លាយជាសិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើននាពេលអនាគតបន្តទៀត។ ដោយ ប៊ុន  រដ្ឋា