មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវរួមជាមួយនិងអាជ្ញាធរស្រុកទ្រាំងឆ្មក់ចាប់បានត្រីប្រហុកដែលដាក់សារធាតុគីមីគ្រោះថ្នាក់បានជាងមួយតោន

0

តាកែវ៖ នៅព្រឹកថ្ងៃទី ១២ ខែមីនា នេះបន្ទាប់ពីធ្វើការឆ្មក់ចាប់បានត្រីប្រហុកដែលមានផ្ទុកនៅសារធាតុគីមី ហ្វូកម៉ុលលីន ដែលជាថ្នាំគីមីម្យ៉ាង សម្រាប់ប្រើប្រាស់លើសាកសពមិនអោយមានសភាពស្អុយរលួយ និងរក្សាទុកបានយូរនោះ មន្ត្រីជំនាញកាំកុងត្រូល រួមជាមួយនិងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកបានចុះទៅដល់ទីតាំង ធ្វើការពិនិត្យ និងដកហូតប្រហុកបានជាង ១តោន នៅលើទីតាំងចំនួន ២ ឋិតនៅក្នុងភូមិរលួស ឃុំអង្គាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានប្រាប់ ភ្នាក់ងារពត័មានអោយដឹងថា ការចុះឆ្មក់ចាប់ទីតាំងផលិតនិងកែច្នៃប្រហុកដែលនាំចូលពីប្រទេសជិតខាង ដែលមានផ្ទុកសារធាតុគីមីហាមឃាត់នេះបាន ដោយសារតែមានការ ចូលរួមសហការល្អជាមួយនិងបងប្អូនប្រជាពលរដ្ឋ ថាមានការនាំចូល និងកែច្នៃប្រហុកត្រីផ្ទួកដែលមានផ្ទុកសារធាតុគីមី ហ្វូកម៉ុលលីន បន្តធ្វើសារជាថ្មីម្តងទៀត បន្ទាប់ពីសមត្ថកិច្ចជំនាញធ្លាប់បង្ក្រាប និងដកហូតត្រីប្រហុកទាំងនេះបានជាច្រើនតោន រួចម្តងមកហើយនៅលើទីតាំងភូមិឃុំខាងលើ កាលពីឆ្នាំ ២០១៦មកម្លេះ ។ ក៏ប៉ុន្តែដោយពួកគាត់យល់ឃើញថា មានសភាពស្ងប់ស្ងាត់ ក្រុមឈ្មួញខិលខូចក៏បាននាំយកប្រហុកត្រីផ្ទួកដែលមានផ្ទុកសារធាតុគីមីហាមឃាត់នោះ មកលក់អោយបងប្អូនប្រជាពលរដ្ឋធ្វើការកែច្នៃលាយជាមួយប្រហុកកូនត្រីបន្លំលក់នៅលើទីផ្សារសារជាថ្មី តែមិនទាន់បានប៉ុន្មានផង ក៏ត្រូវមន្ត្រីជំនាញរបស់យើងបានចុះដល់ទីតាំងផលិតនោះកាលពីរសៀលថ្ងៃទី ១១ ខែមីនា ២០១៨ ដោយបានហាមឃាត់មិនអោយផលិត និងកែច្នៃតទៅទៀតនោះទេ រួចត្រូវរក្សាទុកទាំងអស់នៅប្រហុកកែច្នៃទាំងនេះ រងចាំថ្ងៃស្អែកក្រុមមន្ត្រីជំនាញនិងចុះមកពិនិត្យ និងសម្រេចបិទទីតាំងផលិតនេះតែម្តង ។
លោកប្រធានសាខាកំាកុងត្រូលមានប្រសាសន៏បន្តថា ចំពោះការចុះមកឃាត់ពួកគាត់ដែលជាប្រជាពលរដ្ឋកំពុងកែច្នៃប្រហុកនេះ គឺមន្ត្រីជំនាញរបស់យើងបានរកឃើញត្រីប្រហុកដែលមានផ្ទុកនៅសារធាតុគីមីនោះ មានចំនួន ៨៤០គីឡូក្រាម ក៏បន្តែនៅពេលចុះអនុវត្តន៏ និងពិនិត្យជាក់ស្តែងនៅព្រឹកនេះ គឺយើងរកឃើញដល់ទៅ ១១២០គីឡូក្រាមឯណ្ណោះ ដែលបម្រុងនិង នាំចេញយកទៅលក់នៅតាមទីផ្សារ ដោយប្រើប្រាស់មធ្យោបាយតាមការច្រកជាប៉ីដុង ដាក់លក់តាមម៉ូតូ ជាច្រើនគ្រឿង និងខ្លះដឹកតាមឡានសាំយ៉ុង ។ ក្នុងនោះលោកប្រធានសាខាកំាកុងត្រូលខេត្តតាកែវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញប្រហុកត្រីប្រផ្ទួកដែលដាក់លក់នៅតាមទីផ្សារនោះទេ ព្រោះអាចជាប្រភេទប្រហុកដែលនាំចូលមកពីប្រទេសជិតខាងដែលមានផ្ទុកនៅសារធាតុគីមីហាមឃាត់ ធ្វើអោយអ្នកបរិភោគ ប៉ះពាល់សុខភាពខ្លាំង ជាងទៅដល់ការស្លាប់ និងប្រឈមមុខ និងជំងឺជាច្រើនប្រភេទបើសិនជាយើងប្រើប្រាស់បរិមាណច្រើន សម្រាប់បរិភោគ ។
ទទឹមនិងមានការចុះចាប់បិទទីតាំងការផលិតប្រហុកកែច្នៃដែលនាំចូលមកពីប្រទេសជិតខាងមានផ្ទុកនៅសារធាតុគីមី ហ្វូកម៉ូលីននេះលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានផ្តេជ្ញាថា និងមានវិធានការយ៉ាងតឹងរឹងចំពោះការផលិតប្រហុកកែច្នៃនេះដែលនាំចូលប្រទេសជិតខាង នៅលើទឹកដីស្រុកទ្រាំងតទៅទៀតនោះទេ លោកនិងអោយសមត្ថកិច្ចជំនាញ រួមជាមួយនិងកំលាំងប៉ូលីស ប៉េអឹម អាជ្ញាធរឃុំ សហការគ្នា ចាប់ខ្លួនឈ្មួញដែលនាំប្រហុកនេះចូលមកលក់អោយប្រជាពលរដ្ឋអោយបាន បើសិនជានៅតែបន្ត ។
សូមបញ្ជាក់ផងដែរជុំវិញនិងបញ្ហាខាងលើមន្ត្រីជំនាញ បាននាំយកត្រីប្រហុកដែលមានផ្ទុកសារធាតុគីមីនោះមករក្សាទុកនៅក្នុងសាលាឃុំអង្គាញ់ និងកំពុងក៏សាងសំណុំរឿងនេះទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យលើគោលការសំដុតកំទេចោលរបស់មន្ត្រីជំនាញ ។ តាកែវ