រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំអនុគណកម្មាការ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៨

0

កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយ អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត ជាច្រើននាក់ បានចូលរួមប្រជុំអនុគណកម្មការ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» នៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ខាងមុខនេះ នៅថ្ងៃច័ន្ទ១០កើតខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨បន្ទាប់ពីអនុកម្មាការនីមួយៗបានលើកពីបញ្ហាការងារដើម្បីដាក់ឆ្លងឲ្យអង្គប្រជុំឯកឧត្តម សុខ លូ បានស្នើឲ្យគណៈកម្មការរៀបចំសង្ក្រានថ្មីសំបូរព្រៃគុកទាំងអស់ ត្រូវខិតខំរៀបចំដំណើរការ នៃកម្មវិធីសង្ក្រានថ្មីសំបូរព្រៃគុក ឲ្យមានលក្ខណៈល្អប្រសើរ ដើម្បីកំដរបរិយាកាសឲ្យមានភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលរស់នៅក្នុងខេត្តកំពង់ធំយើងទាំងមូលក៏ដូចជាតាមបណ្តាតាមខេត្តផ្សេងៗដែលបានចូលមកទស្សនា។

ឯកឧត្តមបានបន្ថែមទៀតថា «ក្នុងនាមយើងជាថ្នាក់ដឹកនាំកម្មវិធី ត្រូវធ្វើយ៉ាងណាជួយធ្វើការដោះស្រាយបញ្ហាដែលកើតមានឡើង ក្នុងនោះបញ្ហាដែលយើងទាំងអស់គ្នា ត្រូវគិតគូររួមមានបញ្ហាចរាចរណ៍ ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវមានកន្លែងសម្រាប់ចត ទុកដាក់យានជំនិះរបស់បងប្អូន ដែលមកទស្សនា និងរៀបចំឲ្យមានការសំដែងកម្មវិធីកំសាន្តសប្បាយ និងលេងល្បែងរបាំប្រជាប្រិយ ការសម្តែងនូវសិល្បៈ របាំរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ការប្រគុំតន្ត្រី ឡើងសរសរខ្លាញ់ ទាញព្រ័ត ចោលឈូង ប្រដាល់បិទមុខប្រណាំងរទេះគោ ជាដើម ក្នុងនោះក៏មានការដាក់តាំងនូវ ផលិតផលភូមិមួយ ផលិតផលមួយក្នុងខេត្ត ជាពិសេសផលិតផលកសិកម្ម សិប្បកម្ម និងការលក់ដូររបស់បងប្អូនអាជីវករឲ្យមានសណ្តាប់ធ្នាប់ និងប្រកបដោយសោភ័ណ្ឌភាព»និងបង្ហាញពីតម្លៃវប្បធម៌របស់ខ្មែរដែលមានតាំងពីយូរយាណាស់មកហើយដើម្បីគាំទ្រនិងលើកស្ទួយកេរ្តិ៍មរតករបស់ជាតិ ។
គួរបញ្ជាក់ថា៖ នេះជាលើកទី ៤ហើយ (២០១៥-២០១៨) ដែល រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តគ្រប់ទិសទី បានរៀបចំព្រឹត្តិការណ៍ សង្ក្រានថ្មីសំបូរព្រៃគុក ក្នុងគោលបំណងផ្ដល់ឱកាសឲ្យយុវជន, ភ្ញៀវជាតិ-អន្តរជាតិ, និងសាធារណៈជនខ្មែរទូទៅ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីយរាយ សុភមង្គល និងដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ ម្យ៉ាងវិញទៀត ដើម្បីលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និងប្រពៃណីដ៏ផូរផង រួមនិងសម្បត្តិបេតិកភ័ណ្ណពិភពលោក ទាំងរូបីយិ៍ និងអរូបីយិ៍របស់ខ្លួន ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ និងបន្តពង្រីកនូវកិត្យានុភាពនេះ នៅលើឆាកអន្តរជាតិទៀតផង៕ ចុងក្រោយឯកឧត្តមបានស្នើដល់កងកម្លាំងនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើយ៉ាងណាការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ៕