អភិបាលខេត្តតាកែវដើម្បីធានាបានចំពោះសុខមាលភាពសាធារណៈ និង ប្រជាពលរដ្ឋមានសុខភាពល្អមាំមួននោះ យើងក៍ត្រូវធានាផងដែរចំពោះឱសថ ដែលមានគុណភាព និងមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល

0

តាកែវ៖ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តតាកែវ នៅល្ងាចថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងសាលប្រជុំនៃមន្ទីរសុខាភិបាល ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានលើកឡើងថា ដើម្បីធានាបានចំពោះសុខមាលភាពសាធារណៈ និង ប្រជាពលរដ្ឋមានសុខភាពល្អមាំមួននោះ យើងក៍ត្រូវធានាផងដែរចំពោះឱសថ ដែលមានគុណភាព និងមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ព្រោះឱសថវាជាអាវុធមុខពីរ បើសិនជាឱសថនោះគ្មានគុណភាព ក្លែងក្លាយ ឬក៏ការលក់ថ្នាំដង្កូវដោយគ្មានវិជ្ជបញ្ជាពីគ្រូពេទ្យជំនាញច្បាស់លាស់នោះ វាប្រាកដណាស់នឹងធ្វើឲ្យសុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកជម្ងឺ គឺកាន់តែដុនដាបទៅ ពិសេសគឺខាតបង់ទាំងពេលវេលា និងលុយកាក់របស់ពួកគាត់ ហើយអាចនឹងឈានទៅប៉ះពាល់ដល់អាយុជីវិតថែមទៀតផង ក៏ប៉ុន្តែបើឱសថនោះមានគុណភាពល្អ និងទទួលបានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល និងគ្រូពេទ្យជំនាញនោះ វានឹងធ្វើឲ្យសុខភាពពួកគាត់ មានសភាពល្អប្រសើឡើងវិញ អាចនិងជាសាស្ត្រស្បើយពីជម្ងឺ មានកំលាំងមាំមួន និងប្រសើរជាធម្មតា ។
ឯកឧត្តមអភិបាលខេត្តបានបន្ថថា ឱសថក្លែងក្លាយនេះ ក្នុងនាមយើងជាគណៈកម្មការ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ក្នុងខេត្ត ដែលមានអភិបាលរងខេត្ត១រូបជាប្រធាន ត្រូវតែយកចិត្តទុកដាក់ និងធ្វើការត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំ នៅតាមឱសថស្ថាន និងគ្លីនិចព្យាបាលជម្ងឺឯកជន ដើម្បីបានដឹង និងទប់ស្កាត់អោយបានទាន់ពេលវេលា ពិសេសគឺអប់រំណែនាំទៅដល់ម្ចាស់ឱសថស្ថានទាំងនោះ ឈប់លក់ឱសថណាដែល គ្មានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ហើយក្នុងករណីដែលម្ចាស់ឱសថស្ថាន មិនព្រមកែប្រែ តាមការអប់រំណែនាំដែលមានកិច្ចសន្យាជាមួយនឹងមន្រ្តីជំនាញ ម្ចាស់ឱសថស្ថាននោះ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ។ ដូច្នេះដើម្បីចូលរួមលើកកម្ពស់សុខមាលភាពសាធារណៈ ឲ្យកាន់តែល្អប្រសើរដូចបណ្តាប្រទេសជឿនលឿននៅលើសកលលោក យើងត្រូវតែរឹតបន្តឹង និងម៉ឺងម៉ាតចំពោះវិស័យសុខាភិបាល មានន័យថា រាល់ការលក់ឱសថ ត្រូវតែមានការបញ្ជាក់ត្រឹមត្រូវពីក្រសួងសុខាភិបាល ពិសេសនោះ គឺសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ត្រូវធានាឲ្យមានសីលធម៌ គុណធម៌ វិជ្ជាជីវៈត្រឹមត្រូវ ទៅលើក្រុមគ្រូពេទ្យរបស់យើង ។ តាកែវ