អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់

0

បន្ទាយមានជ័យ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាប ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។
លោកវរសេនីយ៍ត្រី នួណ នីណារ៉ូ បានអោយដឹងថា ៖ នៅវេលាម៉ោង ១៦ និង ០០នាទី លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីសង្ស័យខាងលើ និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ស៊ឹម បូរី ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមជាមួយវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០៤កូនថង់តូច ស្មើ ១៣.២៦ក្រាម -ម្សៅក្រាមពណ៌ផ្កាឈូក ០១កូនថង់ ស្មើ ៤០.៩៧ក្រាម -ទូរស័ព្ទដៃចំនួន ០១គ្រឿង (ម៉ាកណូគា ពណ៌ខ្មៅ) -ស្លាកលេខម៉ូតូ ០១សន្លឹក (១K-៧១០១) -ដាវសាំម៉ូរ៉ៃ ០១ដើម – ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ ក្រោយធ្វើការសាកសួរ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។