ចាក់សម្លាប់ប្រពន្ធចុងទាំងមានផ្ទៃពោះ៤ខែព្រោះតែមិនចង់ឮពាក្យថាបែកផ្លូវគ្នា

0

សៀមរាប៖ បុរសម្នាក់បានចាក់ប្រពន្ធចុង ប្រមាណជា៥កាំបិតចុងស្រួច បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមភ្លាមៗ ទាំងមានផ្ទៃពោះ៤ខែ ព្រោះតែមិនចង់ឮពាក្យថា បែកផ្លូវគ្នា។ ក្រោយប្រពន្ធស្លាប់ប៉ុន្មានម៉ោង ប្តីហេងស៊យ ត្រូវប៉ូលិសចាប់វាយខ្នោះ។
ហេតុការណ៏ដ៏ព្រៃផ្សៃនេះបានកើតឡើងនៅម៉ោង៨និង៣០នាទីយប់កាលពី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅលើដងផ្លូវលំ ស្ថិតក្នុងភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
ជនសង្ស័យជាប្តីចុងមានឈ្មោះស៊ន់ ទឹក អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ មានប្រពន្ធនិងកូនរួចហើយ មានមុខរបរជាកម្មករ។ ឯសពស្ត្រីជាជនរងគ្រោះមានឈ្មោះប៉ក់ ឈាន អាយុ៣៦ឆ្នាំ មានស្រុកកំណើតនិងទីលំនៅភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ មានមុខរបរជាកម្មករដូចគ្នា។
អធិការនគរបាលស្រុកសូទ្រនិគម លោកវរសេនីយ៏ឯកណុប សារ៉ាក់ បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ គឺដោយសាតែរូបគេស្រឡាញ់ប្រពន្ធចុង(ស្លាប់)នេះខ្លាំងពេក ហើយមិនចង់បែកផ្លូវគ្នាជាមួយនាង ក្នុងគ្រាដែលនាងបានដឹងរឿងហើយសុំបែកផ្លូវ។ លោកបន្តថា ដំណើររឿងពួកគេស្រឡាញ់គ្នាក្នុងពេលធ្វើកម្មករជាមួយគ្នា។ កាលជួបគ្នាដំបូងនៅឯខេត្តកំពង់ធំ ជនសង្ស័យបានលួងលោមនាងថា រូបគេមិនមានប្រពន្ធកូនអីទេ ហើយពេលនេះរូបគេចង់រស់នៅជាមួយនាង ដោយបង្កើតគ្រួសារមួយមានកូនប្រុសស្រីដូចអ្នកផងទាំងឡាយ។ សំដីផ្អែមល្ហែមរបស់ជនសង្ស័យ ធ្វើឲ្យនាងព្រមរស់នៅជាមួយគ្នា ជាប្តីប្រពន្ធអស់រយៈពេល៨ខែ និងបានបន្សល់កូនក្នុងផ្ទៃ៤ខែផងដែរ។
នៅថ្ងៃទី៦ខែមេសាមុនកើតហេតុ ជនសង្ស័យបានមកផ្ទះប្រពន្ធដើម ភូមិកើតហេតុខាងលើ។ លុះថ្ងៃបន្ទាប់ ប្រពន្ធចុង(នាងរងគ្រោះ)ក៏បានតាមមករកប្តីដើម្បីសុំយកអត្តសញ្ញាណបណ្ណ័ ទៅបញ្ចប់សំណុំរឿងលែងលះជាមួយប្តីដើម។ តែពេលមកដល់ភូមិកើតហេតុ ជនរងគ្រោះក៏បានដឹងរឿងថាប្តី ហេងស៊យ នេះមានប្រពន្ធនិងកូនរួចហើយ ទើបនាងនិយាយថា បើបងមានប្រពន្ធនិងកូនហើយសុំរស់នៅជាមួយគាត់ចុះ ខ្ញុំសុំតែអត្តសញ្ញាណបណ្ណ័ វិលទៅស្រុកវិញតែប៉ុណ្ណោះ។
លោកអធិការបញ្ជាក់ពីចម្លើយ ជនសង្ស័យទៀតថា ពេលឭនាងនិយាយពីការបែកគ្នាបែបនេះ ជនសង្ស័យមិនចង់បែក ក៏មានគំនិតគិតពីឃាតកម្មនេះតែម្តង។ លុះវេលាម៉ោងកើតហេតុខាងលើ ក្នុងខណៈជនរងគ្រោះកំពុងដើរលើផ្លូវលំជាមួយម្តាយរបស់ខ្លួន ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យយកកាំបិតចុងស្រួច ចាក់ចំកណ្តៀតក្អម១កាំបិត ធ្លាយពោះវៀនចេញមកក្រៅ.ចាក់ដៃឆ្វេង៣កាំបិតនិងចាក់ឆ្អឹងស្លាបប្រចៀវ១កាំបិតទៀត បណ្តាលឲ្យស្លាប់ស្ផាមៗក្នុងផ្លុកឈាម។ក្រោយចាក់ប្រពន្ធហើយជននេះ ក៏បានដេញចាក់ម៉ែក្មេកថែមទៀត តែត្រូវជួយអន្តរាគមន៏ទាន់ដោយក្រុមអ្នកភូមិ។ លោកបន្ថែមថា ជនសង្ស័យក្រោយធ្វើសកម្មភាពរួច រូបគេបានទៅដេកអោបសពប្រពន្ធមួយសន្ទុះធំ ទើបរត់គេចខ្លួន។ជាមួយគ្នានោះ ក្រុមសមត្ថកិច្ចបានសហការគ្នា ដេញចាប់បានជនសង្ស័យក្នុងរយៈពេល១ម៉ោងក្រោយ។ លោកបញ្ជាក់បន្ថែមថា បើទោះបីជនសង្ស័យសារភាពថា ឃាតកម្មនេះនេះផ្តើមចេញពីការមិនចង់បែកផ្លូវក៏ពិតមែន តែជនសង្ស័យបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តដើម្បីចាត់ការបន្ត៕