ឧក្រិដ្នជនបំផ្លាញព្រៃឈើ ហូវ ជឺវ៉ៃ បើតែយ៉ាងនេះអភិបាលខេត្តនិងប្រឈមមុខក្នុងការដក់ដំណែង

0

ខេត្តរតនគិរី =ឈ្មួញឈើដ៍មានអំណាចម្នាក់ ឈ្មោះហូវ ជឺវ៉ៃ បាន រកស៊ីជំនួញឈើ នៅខេត្តរតនគិរី នាំទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគ្រឹង ផ្គើនទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ។ចំណែកចៅហ្វាយខេត្តរតនគិរី លោកថង សាវុន បែរជាសម្ងំរក្សាភាពស្ងប់ស្ងាត់ ធ្វើមិនដឹងមិនឮ បណ្ដោយឲ្យឈ្មួញឈើរូបនេះ ធ្វើសកម្មភាព ដឹកជញ្ជូនឈើតាមចិត្ត ទំនងចៅហ្វាយខេត្តរូបនេះ អាចមានពាក់ព័ន្ធនឹងផលប្រយោជន៍ ទើបមិនដែលចេញមុខទប់ស្កាត់ បើទោះបីជាមានការផ្សព្វផ្សាយ តាមបណ្ដាញសារព័ត៌មាន យ៉ាងណាក្ដី។

សេចក្ដីរាយការណ៍ នៅទី២៨ខែមេសានេះថាឈ្មោះ ហូវ ជឺវ៉ៃ បានដឹកឈើចេញទាំងថ្ងៃទាំងយប់ មានឡានយីឌុបដឹកឈើចំនួន១៨គ្រឿង បានឆ្លងដែនចូលក្នុងទឹកដីវៀតណាម រួចទៅហើយ។
ការដឹកជញ្ជូនឈើមានលក្ខណះទ្រង់ទ្រាយធំបែបនេះ ត្រូវបានមជ្ឍដ្ឋាននានា សង្ស័យថា អាជ្ញាធរខេត្តរតនគិរី មានចៅហ្វាយខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ រួមទាំង មេច្រកអូរយ៉ាដាវ ឃុបឃិតគ្នាដើម្បីឲ្យឈ្មួញរូបនេះ ដឹកជញ្ជូនឈើដោយសេរី។

សេចក្ដីរាយការណ៍បានឲ្យដឹងថា សកម្មភាពកំពុងដឹកជញ្ជូនឈើ នៅចំណុចមាត់ទន្លេក្បែរ ភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ដោយមានរថយន្តយីឌុបធុនវ៉េអង ភ្លៅ៦ជាច្រើនគ្រឿង កំពុងលើកដាក់រួចហើយត្រៀម ចេញដំណើរនៅពេលល្ងាច និងពេលយប់ ដោយឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ។

បណ្ដាញសារព័ត៌មាន បានឲ្យដឹងថា ឈើទាំងនេះ គឺជាឈើរបស់មេឈ្មួញធំឈ្មោះ ណុប ណាក់ ហៅណាក់ក្បាលធំ ជាសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តរនគិរី សហការជាមួយ ឈ្មោះ ហូវ ជឺវ៉ៃ ដោយដឹកឈើនេះ ឆ្លងកាត់តាមស្រុកអូរជុំ និងក្រុងបានលុង ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវក្នុងមួយគ្រឿងអាចដឹកទម្ងន់ពី៩០ទៅ១០០តោន បើពុំនោះមិនអាចរត់ការបង់សមត្ថកិច្ចគ្រប់ទេ ព្រោះមួយឡានរត់ការបង់សមត្ថកិច្ចពីថ្នាក់ធំរហូតថ្នាក់ក្រោមពី២២.០០០ដុល្លារ ទៅ២៣.០០០ដុល្លារ។

ប្រជាពលរដ្ឋថា ផ្លូវថ្នល់រដ្ឋាភិបាលខំធ្វើ គឺអន្តរាយអស់ហើយ បើឡានទម្ងន់១០០តោននោះ ធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការភាគច្រើន ស្តាយស្រណោះផ្លូវ និងអាណិតប្រមុខដឹកនាំរដ្ឋាភិបាល ដែលខំកសាង និងអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន ដូចសព្វថ្ងៃនេះ ប៉ុន្តែបែរជាមន្រ្តីអាជ្ញាធរនៅមូលដ្ឋានមួយចំនួន ឃុបឃិតគ្នាធ្វើអំពើខុសច្បាប់ រួមគំនិតវគ្នាបំផ្លិចបំផ្លាញធនធានធម្មជាតិ ផ្ទុយទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល។ឈើទាំងនេះសុទ្ធតែត្រូវបានគេអារ កាប់យកពីដែនឧទ្យានជាតិ និងដែនជម្រកសត្វទាំងអស់។
សម្ដេចហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ការដឹកជញ្ជូនលើសទម្ងន់ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ យ៉ាងធ្ងន់ធ្ងរ និងបានដាក់បទបញ្ជាឲ្យអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ ទប់ស្កាត់ផងដែរ។ ជាមួយគ្នានេះសម្ដេច ក៍បានព្រមានដកចៅហ្វាយខេត្ត រដ្ឋមន្ត្រី ចៅហ្វាយស្រុក ប្រធានមន្ទីរសាធារណការផងដែរ ពាក់ព័ន្ធករណីមិនយកចិត្តទុកដាក់ ការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនលើសទម្ងន់។ ដូច្នេះប្រជាពលរដ្ឋ កំពុងរងចាំមើល តើចៅហ្វាយខេត្តរតនគិរី អាចរក្សាតំណែងបានឬយ៉ាងណា ចំពោះការបណ្ដោយឲ្យមាន ការកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើ និងសកម្មភាព រថយន្តដឹកលើសទម្ងន់ ពីសំណាក់មេឈ្មួញហូវ ជឺវ៉ៃ។
ជុំវិញករណីនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានមានប្រសាសន៍ ប្រាប់បណ្ដាញសារព័ត៌មានអេឡិចត្រូនិចមួយនៅព្រឹកថ្ងៃទី២៨ ខែមេសានេះថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងចាត់វិធានការទប់ស្កាត់ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តរតនគិរី ដែលនាំឲ្យខូចផ្លូវជាតិ៧៨យ៉ាងធ្ងន់ធ្ងរ។

លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍ បែបនេះ ក្រោយពីប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសានេះថា រថយន្តដឹកឈើខុសច្បាប់ចំនួន១៧គ្រឿងរបស់ឈ្មួញឈើខុសច្បាប់ បានដឹកឆ្លងចូលទឹកដីវៀតណាម តាមច្រកព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមានឈ្មោះ ហូវ ជឺវ៉ៃ ចេញមុខការពារសកម្មភាពខុសច្បាប់របស់ខ្លួន។
លោកមានប្រសាសន៍ថា «មិនមានឈើស្របច្បាប់ឯណាត្រូវដឹកចេញទេ បើមានគឺជាឈើខុសច្បាប់ ខ្ញុំនឹងរាយការណ៍ជូនថ្នាក់លើ ដើម្បីចាត់វិធានការទប់ស្កាត់៕