គ្រាប់យុទ្ធភ័ណដែលនៅសេសសល់ផ្ទះឆក់យកជីវិតមនុស្សម្នាក់និងរងរបួសធ្ងន់ម្នាក់ នៅស្រុកព្រះនេតព្រះ

0

ខេត្តបន្ទាយមានជ័យ៖   បុរស់ម្នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកបុរសម្នសក់ទៀតទទួលរងរបួសធ្ងន់ខណៈដែលជនរងគ្រោះបានយកក្បាលគ្រាប់ ប្រភេទ៦០ ម.ម ដែលបន្សល់ទុកពីសម័យសង្រ្គាមទៅវាយដំដោះប្រលូញកន្លឹះរ៉ឺម៉កគោយន្តចេញពីគោយយន្តដើម្បីយកទៅភ្ជួរស្រែ។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន ជ័យ។
​ ប្រភពព័ត៌មានពីនគរបាលប៉ុស្ថិ៍រដ្ឋបាលឃុំបុស្បូវ ប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈឿន សាម៉ន អាយុ៣២ឆ្នាំ​ជាម្ចាស់គោយន្ត ដោយឡែក អ្នករងរបួសមានឈ្មោះ​ វ៉ាត សាមេត អាយុ៤៧ឆ្នាំ ជាអ្នកជិតខាង ជនរងគ្រោះរស់នៅភូមិ ឃុំខាងលើ។
​ ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ម្ចាស់គោយន្តបានដោះរ៉ឺម៉កគោយន្តចេញពីក្បាលគោយន្ត ដើម្បីទៅភ្ជួរស្រែនៅពេលនោះមានអ្នកជិតខាងម្នាក់បានទៅឈរមើល។ប៉ុន្តែនៅពេល ដោះប្រលូញកន្លឹះរ៉ឺម៉កវាមិនចេញ ទើបជនរងគ្រោះក៏យកម៉ូទ័រឆាបផ្តាច់ប្រលូញកន្លឹះរ៉ឺម៉កគោយន្ត បន្ទាប់មកជនរងគ្រោះក៏យកក្បាលគ្រាប់៦០ម.ម មិនដឹងជនរងគ្រោះរើសយកពីតំបន់ណានោះទេ ហើយយកមកដំវាយដើម្បីយកប្រលូញកន្លឹះ គោយន្តនោះចេញ ខណៈនោះក៏ស្រាប់តែផ្ទុះគ្រាប់នោះតែម្តង បណ្តាលឱ្យម្ចាស់គោយន្តស្លាប់ចំណែកអ្នកជិតខាងទៅឈរមើលទទួលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលអ្នកភូមិពេញតែភូមិ។ជនរងគ្រោះក្រោយមកសាច់ញាតិដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរបង្អែក ស្រុកមង្គលបូរី។
​ ក្រោយពីកើតឡើងនូវហេតុការណ៍នោះហើយ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ពិនិត្យឃើញសំណល់ក្បាលគ្រាប់៦០ ម.ម ១គ្រាប់ក្រោយហេតុការណ៍ផ្ទុះនោះ៕ដោយ៖ឃិន គន្ធា