ជម្រុញដល់បងប្អូនអតីតយុទ្ធជន ត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅចុងខែកក្កដា

0

ខេត្តបន្ទាយមានជ័យ៖ ថ្លែងនៅក្នុងឱកាសពិធីសំណេះសំណាលសាកសួរសុខទុក្ខនិងបំពាក់មេដាយការពារជាតិជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជាមកពី២ស្រុកគឺស្រុកស្វាយចេកនិងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សរុប៨៥៩នាក់ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៨​ លោក​ឧបនាយករដ្ឋ​ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជា អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ បានលើកឡើងនិងជម្រុញឱ្យបងប្អូនអតីតយុទ្ធជនត្រូវត្រៀមខ្លួន ដើម្បីចូលរួមនៃដំណើរការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នៅចុងខែ
កក្កដា ខាងមុខនេះ ដើម្បីរើសតំណាងរបស់ខ្លួនដែលពេញចិត្ត ក្នុងការពារកសាងអភិវឌ្ឍឱ្យកាន់រីកចម្រើនថែមទៀតនៅក្នុងតំណាក់កាលប្រទេសកម្ពុជាមានសុខសន្តិភាព។ការថ្លែងជម្រុញឱ្យបងប្អូនអតីតយុទ្ធជនចេញទៅបោះឆ្នោតពីសំណាក់លោកឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន បានធ្វើឡើងគ្រាដែលគេមើលឃើញថាវាយផ្ទុយទៅនិងសំដីអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្សី ដែលបានអំពាវនាវពីក្រៅប្រទេសឱ្យប្រជាជនកុំចេញទៅបោះឆ្នោត និងធ្វើសកម្មភាពប្រឆាំងជាច្រើនទៀត ក្នុងគោលបំណងដើម្បីរារាំងនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦ ដែលគេចាត់ទុកថាជាទង្វើរបង្កហេតុមានចេតនាមិនឱ្យកម្ពុជារៀបចំការបោះឆ្នោតបាននោះឡើយ។ប៉ុន្តែសកម្មភាពបែបនោះពីសំណាក់លោក សម រង្សី មិនអាចទទួលជោគជ័យបានឡើយ គ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាថានិងឱ្យមានការរៀបចំបោះឆ្នោត ដំណើរការទៅឱ្យបានជោគជ័យអនុវត្តតាមគោលការលទ្ធិប្រជាធិបតេយ្យដែលមានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែងនៃការបោះឆ្នោតនោះ។
លោក​ឧបនាយករដ្ឋមន្រ្តី កែ​ គឹមយ៉ាន នៅក្នុងឱកាសនោះ​ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរសុខទុក្ខ​ ការលំបាក ការរស់នៅរបស់បងប្អូនជាអតីតយុទ្ធជនកម្ពុជា នៅគ្រប់កាលៈទេសៈ ជាពិសេសគិតគូធ្វើយ៉ាងណាជម្រុញនូវការកសាងជីវភាពរស់នៅរបស់បងប្អូនឱ្យមានភាពល្អប្រសើរឡើង។
លោកឧបនាយករដ្ឋមន្រ្តី​ បានលើកឡើងទៀតថា កម្ពុជាបច្ចុប្បន្នកំពុងមានសុខសន្តិភាព ប្រជាជនរស់នៅក្នុងស្ថានភាពសប្បាយរីករាយ​ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានប្តេជ្ញាការពារសុខសន្តិភាពនេះឱ្យបានគង់វង្សនិងប្រឆាំងមិនឱ្យក្រុមណា បក្សណា នាំប្រទេសកម្ពុជាធ្លាក់ក្នុងសង្រ្គាមសារជាថ្មីវិញបាននោះទេ។
លោកបានលើកឡើងទៀតថា ជាក់ស្តែងឃើញហើយថាសង្រ្គាមនេះហើយបានធ្វើឱ្យបងប្អូនអតីតយុទ្ធ​ បូជាសាច់ស្រស់​ ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ហើយមានបងប្អូនខ្លះធ្លាក់ខ្លួនពិការនិងបាត់បង់ជីវិតដោយសារសង្រ្គាមដោយយើងមិនចង់ឱ្យប្រវត្តិសាស្រ្តដ៏ជូរចត់នេះត្រឡប់មកវិញឡើយ។
លោកឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ក៏ បានថ្លែងនូវការដឹងគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់អតីតយុទ្ធជនទាំងអស់ដែលបានពលិកម្មសព្វបែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ​ មាតុភូមិនិងរួមចំណែករហូតដល់ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព។ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្រ្តីក៏បានឧបត្ថម្ភថវិកាដល់បងប្អូនអតីតយុទ្ធជន៨៥៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងសារ៉ុង១ ផងដែរ៕ដោយ៖ឃិន គន្ធា