អាជ្ញាធរឃុំទឹកក្រហម បន្តប្រារពពិធីដាំកូនឈើប្រណិតក្នុងបរិវេណវត្តភ្នំដាច់!

0
19

(ព្រវិហារ): ពូជកូនឈើប្រណិតជាង២០០ដើម ត្រូវបានអាជ្ញាធរ ឃុំទឹកក្រហម បន្តនាំយកទៅដាំ នៅក្នុងបរិវេណវត្តភ្នំដាច់ ស្ថិតក្នុងភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្រោមវត្តមានលោក លិញ យុត អភិបាលរង ដំណាងលោក ជា គឹមសេង អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត។ ក្នុងនោះមានការចូលរួមពី ប្រជាការពារភូមិលោកយាយ លោកតា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្រុមកាយឫទ្ធិ ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំសរុប224នាក់។

មេឃុំទឹកក្រហម លោកវ៉ន សារ៉ុម បានបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលអាជ្ញាធរឃុំ បានសហការណ៍ជាមួយអង្កការអាយធីធីអូ(ហៅកាត់អុីតូ)ប្រចាំស្រុកជាំក្សាន្ត នាំយកពូជឈើប្រណិតដាំនៅតាមសាលាឃុំ កន្លែងប៉ុស្តិ៍រដ្ឋបាល និងក្នុងទីអារាមវត្តទួលអណ្ដែតជាដើម។ ជាក់ស្តែងនៅថ្ងៃនេះ អាជ្ញាធរឃុំទឹកក្រហម នាំយកពូជកូនឈើប្រណិតប្រភេទពូជឈើក្រញូងចំនួន១៥០ដើម ពូជឈើបេង ចំនួន៣០ដើម ពូជឈើធ្នុង៣០ដើម និងពូជឈើទាល ១០ដើមសរុបចំនួន២២០ដើម មកបន្តដាំក្នុងទីអារាមវត្តភ្នំដាច់ ដែលជាវត្តមួយទើបតែនិងបង្កើតថ្មី។ លោកមេឃុំបន្តថាការដាំកូនឈើប្រណិតនេះ គឺដើម្បីថែរក្សា នូវសោភ័ណ្ឌភាព ពីលើឈើ ដែលមាននៅក្នុងទីអារាមនេះស្រាប់ និងមួយផ្នែកទុក្ខដើម្បីអោយកូនខ្មែរជំនាន់ក្រោយ បានស្គាល់ បានដឹងពីពូជឈើប្រណិតនេះផងដែរ។

អភិបាលរងស្រុកជាំក្សាន្ត លោក លិញ យុត បានថ្លែងការលើកទឹកចិត្តចំពោះ អាជ្ញាធរឃុំ អង្កការអាយធីធីអូ ប្រជាពលរដ្ឋ លោកយាយ លោកតា ប្រជាការពារភូមិ និងប្អូនៗសិស្សានុសិស្ស ដែលបានយកអស់ នូវកំលាំងកាយចិត្ត រួមចំណែកដាំកូនឈើប្រភេទឈើប្រណិត នៅក្នុងទីអារាមថ្មីនេះ ថ្វីត្បិតតែឈើនៅទីនេះមានស្រាប់ក៍ពិតមែន ប៉ុន្តែយើងនៅតែដាំបន្ថែម ដើម្បីផ្តល់ជាម្លប់អោយកាន់តែត្រឈឹងត្រឈៃ។ បន្ថែមពីនោះលោកបានគូសបញ្ជាក់ផងដែរថា នាពេលបច្ចប្បន្ននេះ មានការបម្រែបម្រួលអាកាសធាតុជាច្រើន ហើយបើសិនយើងទាំងអស់គ្នា មិនចូលរួមថែរក្សា និងរួមគ្នាដាំដើមឈើឡើងវិញ នោះព្រៃឈើរបស់យើង និងមានការបាត់បង់អស់ ទៅថ្ងៃអនាគត៕សួនលីណា