លោក សំ កុសល មេ​គយ​ខេត្តកោះកុង ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ទាំងអស់

0
41

កោះកុង: មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ល្បីល្បាញ​កាន់តែខ្លាំង​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។ ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ក៏ដូចជា​នៅ​ច្រក​ប៉ាក់​ខ្លង បាន​បង្ហើប​ឲ្យ​ដឹងថា ភាគច្រើន​នៃ​ទំនិញ​នាំចូល​តាម​ច្រក​ទាំងនេះ​បង់ពន្ធ​ត្រឹមតែ​២៥​ទៅ​៣០​ភាគ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ត្រូវ​ធ្លាក់​ទៅក្នុង​ហោប៉ៅ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង យ៉ាង​ត្រជាក់ចិត្ត​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក សំ កុសល មេ​គយ​ខេត្តកោះកុង ជាបន្ទាន់​។​

​ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​នៅតែមាន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វា​ភាគី​អន្តរជាតិ​ចាំ​យាម និង​ច្រក​ផ្លូវ​សមុទ្រ​ជាច្រើន​កន្លែង​ទៀត​យ៉ាង​ពេញបន្ទុក​។ ការដែល​ឈ្មួញ​ទាំងនោះ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ដែល​កំពុង​ប្រើ​តួនាទី​និង​អំណាច​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មួយចំនួន​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ការដែល​លោក សំ កុសល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅទៀត ហើយ​ខ្នងបង្អែក​របស់​លោក សំ កុសល អាច​បញ្ជា​លើ​លោក គុណ ញឹម ទាំងយប់​ទាំង​ថ្ងៃ​ទៀតផង​។​

​តាម​ការអះអាង​របស់​មន្ត្រី​មួយចំនួន​ដែល​បម្រើ​ការងារ​នៅ​ច្រកទ្វា​អន្តរជាតិ​ចាំ​យាម និង​ច្រក​ស្រែអំបិល ក៏ដូចជា​ច្រក​ប៉ាក់​ខ្លង បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ពី​ទឹកដី​សៀម​នោះ មានដូចជា ស្រែ​បៀរ​ច្រើន​ប្រភេទ ភេសជ្ជៈ ទំនិញ​ចាប់ហួយ គ្រឿងសំណង់ និង​គ្រឿងសំអាង​ជាដើម​។ ទន្ទឹមនឹងនេះ​មាន​ឈ្មួញ​មួយចំនួន​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ និង​រថយន្ត​ទំនើបៗ​គេចពន្ធ​ផងដែរ​ដោយសារតែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ក្នុងនោះ​ទំនិញ​ចាប់ហួយ​ច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​ស្រែអំបិល ច្រក​ប៉ាក់​ខ្លង ដោយ​ដឹកជញ្ជូន​តាម​ទូក​ធំៗ​ហើយ​សាង​ដាក់​រថយន្ត​យកទៅ​ចែកចាយ​ឲ្យ​ម៉ូយ​ក្នុង​ទី​រួម​ខេត្តកោះកុង និង​មួយផ្នែកធំ​ដឹកជញ្ជូន​ចូលទៅ​ដល់​រាជធានី​ភ្នំពេញ​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា មន្ត្រី​និង​ភ្នាក់ងារ​គយ​តូចតាច​មិន​ហ៊ាន​តវ៉ា​ប្រឆាំង​ទៅនឹង​អំពើពុករលួយ​របស់លោក សំ កុសល នោះទេ​ព្រោះ​លោក សំ កុសល តែង​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​នៅ​ខាងលើ​ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ក្នុងចំណោម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​គឺ​ឈ្មួញ​ឈ្មោះ ចែ​ហួង កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​ដោយសារ​អាង​មាន​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ធ្វើជា​បង្អែក​យ៉ាងរឹងមាំ​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​លោក គុណ ញឹម ដែលជា​អគ្គ​នាយគយ មិន​ហ៊ាន​ប៉ះពាល់​លោក សំ កុសល ទាល់តែសោះ​។ ជាងនេះទៅទៀត​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ជាបន្ទាន់​ព្រោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ចាំ​យាម និង​ច្រក​កំពង់ផែ​ជាច្រើន​កន្លែង​ទៀត​កំពុង​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕