ឧត្តមសេនីយ៍ទោ សោម ស៊ុន បំពាក់ឯកសណ្ឋានជូនប្រជាការពារភូមិ ឃុំបន្ទាយស្ទោង

0

ខេត្តកំពង់ធំ  ប្រជាការពារគឺកំលាំងសេនាធិការ អោយសមត្ថកិច្ច ក្នុងការចូលរួមសហការ ការពារសន្តិសុខ ក្នុងគោលនយោបាយការពារ ភូមិឃុំមានសុវត្ថិភាព និងទប់ស្កាត់រាល់បទល្មើស ផ្សេងៗជាមួយនិងសមត្ថកិច្ចមូលដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានអញ្ចើញបំពាក់ ឯកសណ្ឋាន ជូនប្រជាការពារ ១០ កំប្លេរ ស្មើរនឹង៧រូប  រួមទាំងវិទ្យុទាក់ទង ២គ្រឿង ដើម្បីធ្វើការទំនាក់ទំនង សហការជាមួយសមត្ថកិច្ច ទប់ស្កាត់បទល្មើស និងសូមបញ្ជាក់ផងដែរថា កន្លងមកនេះ បានបំពាក់ ឯកសណ្ឋានជូន ប្រជាការពារជូនឃុំបន្ទាយស្ទោងសរុប ទាំង១៥ ភូមិស្មើ១៥២កំប្លេរ  រួមទាំងវិទ្យុទាក់ទង ៤០ គ្រឿង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៨ ។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ពីតួនាទី របស់ប្រជាការពារ ដែលត្រូវបានអនុវត្ត តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវយកតួនាទីទៅ ប្រព្រឹត្តបទល្មើស គំរាមកំហែង ឬកាងបទល្មើស ដើម្បីផលប្រយោជន៍របស់ខ្លួននោះទេ ប្រជាការពារ គ្មានសិទ្ធិចាប់បុគ្គលណា ឬកាត់ក្តីជំនួសសមត្ថកិច្ចនោះឡើយ លុះត្រាតែជា បទល្មើសជាក់ស្តែងត្រូវឃាត់ខ្លួនជនបង្ករហេតុ ប្រគល់ជូនសមត្ថកិច្ច និងគ្មានមានសិទ្ធិក្នុងការ ប្រើប្រាស់អាវុធឡើយ និងមិនត្រូវពាក់ឯកសណ្ឋានដែលមាន ស្លាកសញ្ញាជាកងកម្លាំងប្រដាប់អាវុធឡើយ ដែលជា​ហេតុនាំឲ្យមានការយល់ច្រឡំ តែត្រូវសហការជាមួយ សមត្ថកិច្ចជំនាញ បង្ក្រាបបទល្មើស ពិធីនេះមាន​ការចូលរួម ពីសមត្ថ​កិច្ចអធិការស្រុកស្ទោង និងប៉ុស្តិ៍រដ្ឋបាល រួមទាំងប្រជាពលរដ្ឋ​សរុប១២២នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមមេបញ្ជាការ បានកោតសរសើរ និងវាយតំម្លៃខ្ពស់ ចំពោះភាពទទួលខុសត្រូវ របស់ប្រជាការពារភូមិ ដែលបាន លះបង់ពេលវេលា លះបង់សេចក្តីសុខក្នុង គ្រួសារ ចូលរួមសហការ ការពារសន្តិសុខ ការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយបានចូលរួមអនុវត្តតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទាំង៩ចំនុច បើទោះជាគ្មានប្រាក់បៀវត្សក៏ដោយ ក៏បងប្អូនពេញចិត្ត បំរើសេចក្តីសុខ ជូនប្រជាពលរដ្ឋ ។

ជាចុងក្រោយ ឯកឧត្តម សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពខេត្ត បានសំណូមពរ អោយបងប្អូនប្រជាការពារទាំងអស់ រួមទាំងប្រពន្ធកូន ទៅចូលរួមបោះឆ្នោត ដែលនិង ប្រព្រឹត្តទៅនៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្តេចមានលទ្ធភាព ដឹកនាំប្រទេសបន្តទៀត។

ដោយ ប៊ុន រដ្ឋា