ឪពុកយុទ្ធ​ជន​ពលី​ឈ្មោះ ទួន​ ម៉ៅ ទទួលផ្ទះថ្មីជាអំណោយសម្តេចតេជោហ៊ុន សែន ជាខ្នងផ្ទះលើកទី៧៥   

0

កំពង់ធំ៖ សាច់ញាតិរបស់អតីតយុទ្ធជនពលី លោក ព្រំ ទុន ត្រូវជាឪពុកយុទ្ធ​ជន​ពលី​ឈ្មោះ ទួន​ ម៉ៅ មាន ជីវភាពលំបាកខ្វះខាតត្រូវបានអាណិតអាសូពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ផ្ទះថ្មីមួយខ្នង ដែលជាអំណោយខ្នងផ្ទះលើកទី៧៥ របស់ខេត្តកំពង់ធំ តាមរយះ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​គន់​  គីម​ អគ្គមេបញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​នៃ​កងយោធពលខេមរភូមិន្ទ​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា។

ខ្នងផ្ទះលើកទី៧៥ ដែលជាអំណោយសម្តេចតេជោ ត្រូវបានសាងសង់ដោយ សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ធំ ដោយរួមសហការ ជាមួយប្រធានសមាគមស្រុក និងកម្លាំងប៉ូលិស ប៉េអ៊ឹម និងផ្នែកសឹករង ស្រុក ប្រាសាទសំបូរ  បានសាងសង់​រួចជាស្ថាពរ និងបាន​ប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី លោក ព្រំ ទុន រស់នៅភូមិឈើទាលជ្រុំ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោក ព្រំ ទុន អាយុ ៧១ ឆ្នាំ ជាឪពុក​ យុទ្ធ​ជន​ពលី​ ព្រិន្ទបាលទោ ទួន ម៉ៅ ធ្លាប់បម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ មានតួនាទី ជាមេបញ្ជាការរង.ខ១ គ៣ នៃអង្គភាព វរៈសេនាតូចលេខ៣០  នៃយោធាខេត្តកំពង់ធំ​ ក្នុង​សម័យ​រដ្ឋ​កម្ពុជា​ ​ បានពិលីជីវិតនៅក្នុងសមរភូមិស្រុកស្ទោង ខេត្ត​កំពង់ធំ​ នៅឆ្នាំ១៩៩២   បច្ចុប្បន្នលោក ព្រំ ទុន មានកូន ០៥ នាក់ (មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ)។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរ​ដោយ​លោក​អ៊ុត​ វណ្ណារ៉ា អភិបាលស្រុក​​ប្រាសាទ​សំបូរ​  និង​អាជ្ញាធរ​ដែនដី​ភូមិ​-ឃុំ​-ស្រុក​ បានចូលរួមអបអរសាទរ ក្នុងពិធីប្រគល់ផ្ទះថ្មី ជូនដល់លោក ព្រំ ទុន ជាគ្រួសារយុទ្ឋជនពលី នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដែលមានទំហំ ៦មx៤ម សាងសង់អំពីឈើ ដំបូលនិងជញ្ជាំងសង្ក័សី ក្រាលក្តារ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ ៦,៤៦៥,០០០ រៀល  ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ឯកឧត្តម បានឧបត្ថម្ភបន្ថែមមាន÷ អង្ករ ៥០ គ.ក្រ ,មីយើង ០២ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ០២ យួរ ,តត្រីខកំប៉ុង ០១ យួរ ,មុងជ្រលក់ថ្នាំចំនួន ០១ និងថវិកា ២៨០,០០០ រៀល ។

លោក ព្រំ ទុន ជាឳពុកអតីតយុទ្ធជនពលី មានចិត្តរំភើប ត្រេតអររកអ្វីប្រៀបផ្ទឹមពុំបាន ដោយមិននឹកស្មាន ថានិងបានផ្ទះថ្មី ខណៈដែលខ្លួនឯងពុំមានលទ្ធភាពសាងសង់ផ្ទះបានសមរម្យ ទើបតែពេលនេះបានទទួល ផ្ទះថ្មីដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្តេជ្ញាបោះឆ្នោតជូនដល់សម្តេចហ៊ុន សែន ហើយគាំទ្រ ស្មោះស្ម័គ្រជាមួយសម្តេចជារៀងរហូត ។ ដោយ  ប៊ុន  រដ្ឋា