កំពង់ចាមៈ ដោយទទួលបទបញ្ជាយ៉ាងម៉ឺងមាត់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបាន ខ្ចៅ រកាអារ ក្រុមប្រឹក្សាឃុំខ្ចៅ និងប្រជាពលរដ្ឋ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ចំណុចបឹងB៦ ស្ថិតនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បង្ក្រាបបាន លូស្បៃមុងចំនួន២៧មាត់ រ៉ាវចំនួន២៨មាត់ របាំងព្រួលចំនួន១,៦៥០ម៉ែត្រ និងចាក់ព្រលែងកូនត្រីចម្រុះប្រមាណជាង៥២០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។
ដោយអនុវត្តន៍តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមកម្លាំងសមត្ថកិច្ចជំនាញបានបង្កើតគណកម្មការ ដើម្បីដុតបំផ្លាញនូវឧបករណ៍នេសាទខុសច្បាប់ខាងលើ ចោលនៅជាប់មាត់បឹងខាងជើងវត្តរកាអារ ស្ថិតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាសផ្ទាល់តែម្ដង ៕