ប៉ូលីសខេត្តតាកែវចាប់វាយខ្នោះមនុស្ស៥នាក់និងដកហូតថ្នាំញៀន១៧៩កញ្ចប់

0

តាកែវ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ត្រូវបានប៉ូលីសខេត្តតាកែវឃាត់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ដោយជាប់ពាក់ពន្ធ័និងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ការបង្ក្រាបនេះគឺធ្វើឡើងតាមការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង២០នាទី នៅលើទីតាំងចំនួន២កន្លែងក្នុងស្រុក សំរោង ខេត្តតាកែវ ។លោក ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថាកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង បានចុះបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀន និងទីតាំងបំរើសេវាផ្លូវភេទ នៅចំណុចផ្ទះឈ្មោះ ប៉ូ សុខលី ភេទស្រី ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់រួមមានឈ្មោះ ប៉ូ សុខលី ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន១៤៥កញ្ចប់តូច ទី២ឈ្មោះ កុយ វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ ទី៣.ឈ្មោះ សាន់ ស្រីគុន ភេទស្រី អាយុ១៥ឆ្នាំ ទាំង២នាក់គឺរស់នៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយគ្នាដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន១៤កញ្ចប់តូច និងស្រ្តីបំរើសេវាផ្លូវភេទចំនួន០៣នាក់។ បន្ទាប់ពីធ្វើការសាកសួររួចទើបឈានទៅបង្ក្រាបទីតាំងទី០២នៅចំនុចផ្ទះឈ្មោះ ស៊ុ បុល ឃាត់ខ្លួនបានជនសង្ស័យបានចំនួន០២នាក់ ១.ឈ្មោះ ប៉ូ សុខលីម ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង និង២.ឈ្មោះ ស៊ុ បុល ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន២០កញ្ចប់តូច ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀន០១ និងម៉ូតូ០១គ្រឿង។
លោកបានបន្តថាក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ដោយឡែកស្រ្តីរកស៊ីផ្លូវភេទចំនួន៣នាក់ត្រូវបានដោះលែងអោយត្រលប់ទៅក្រោយរកឃើញថាពុំមានជាប់ពាក់ពន្ធ័និងបទល្មើសគ្រឿងញៀននេះឡើយវិញ និង ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លាបានសរុបចំនួន១៧៩កញ្ចប់តូច, ម៉ូតូ០១គ្រឿង និងជញ្ជីងសម្រាប់ ថ្លឹងថ្នាំញៀន០១គ្រឿង ៕