ផឹកឌឺដងចុះឡើងៗ បើកឆាកប្រយុទ្ធគ្នាប្រ៉ាវ នគរបាលក្របួចបាន៥នាក់

0

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៦ និង២០នាទី ព្រលប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍រដ្ឋបាលមេទឹកឃាត់ខ្លួនជនសង្ស័យក្មេងទំនើងចំនួន ៥នាក់ បន្ទាប់ពីពួកគេទំនាសគ្នានៅក្នុងហាងផឹកស្រាក្លែមសាច់ឆ្កែមួយកន្លែង ឌឺដងដាក់គ្នា បើកឆាកប្រយុទ្ធ វាយតប់តាមផ្លូវសាធារណៈ ។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងត្រង់ចំណុចកន្លែងផឹកសុីលក់សាច់ពិសេស(ឆ្កែ) ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យក្មេងទំនើងទាំងពីក្រុមមានគ្នាចំនួន ៥នាក់នេះ មានទំនាស់ផ្ដើមចេញពីក្នុងហាងផឹកសុី និងលក់សាច់ពិសេស(ឆ្កែ)មួយកន្លែង ដោយក្រុមភាគ្គីម្ខាងមានគ្នាចំនួន ៤នាក់ បន្តិចក្រោយមក ក៏មានភាគ្គីម្ខាងទៀតចូលមកតុក្បែគ្នា មិនបានផឹកសុីផងស្រាប់តែមើលមុខគ្នាចុះឡើងៗ ក៏កើតទំនាសដេញវាយគ្នាពេញផ្លូវសាធារណតែម្ដង។

ជនសង្ស័យក្មេងទំនើងទាំងពីក្រុមមានគ្នា ៥នាក់ត្រូវបានឃាត់ខ្លួន ទី១ ឈ្មោះ ងូច សីលា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ទី២ ឈ្មោះ ខេម គង់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ទី៣ ឈ្មោះ អេ ដា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ទី៤ ឈ្មោះ អ៊ូ ចាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា និងទី៥ ឈ្មោះ ចាន់ អេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ក្នុងនោះកម្លាំងដកហូតនូវសម្ភារ និងវត្ថុតាងរួម មាន ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 4944 ដបស្រាចំនួន ៤ដប និងដែកបំពង់ទីបប្រវែងកន្លះម៉ែត្រ ១ដើម ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីអប់រំដោយលាយលក្ខណ៍ជាអក្សរ និងមានអ្នកធានាខ្លួនត្រឹម ត្រូវផងដែរ៕