អភិបាល​ខេត្ត​កំពង់ចាម​ ដឹកនាំ​កម្លាំង​ ​ចុះ​ជួយ​រុះរើ​ផ្ទះ​ពលរដ្ឋ​១៣ខ្នង​ ដែល​ប្រឈម​នឹង​ការ​បាក់​ច្រាំង​ទន្លេ​ នៅ​ស្រុក​កងមាស​​

0

កំពង់ចាម​:​ ដើម្បីបញ្ចៀសពីហេតុការណ៍ចៃដន្យជាយថាហេតុ​ ព្រោះកម្ពស់ទឹកចេះតែ​បន្តហក់ឡើង ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៣១​ ខែសីហា​ កន្លង​ទៅ​នេះ​​ បានដឹកនាំកងកម្លាំងសមត្ថកិច្ច​​ ចុះជួយរុះរើផ្ទះរបស់ប្រជាពលរដ្ឋ១៣​ខ្នង​ ដែលរស់នៅក្នុងឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម​។
នាឱកាសនោះដែរ ឯកឧត្តម​ គួច​ ចំរើន​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​ សម្តេច តែងតែយកចិត្តទុកដាក់​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ បងប្អូន​ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់​ពណ៍សម្បុរ​ពូជសាសន៍​ និងនិន្នាការនយោបាយ​ឡើយ។ ជាមួយគ្នានោះដែរ ក្នុងនាមឯកឧត្តមផ្ទាល់ និងក្នុងនាមជាអាជ្ញាធរ​ខេត្តកំពង់ចាម​ ក៏បានថ្លែងចូលរួមរំលែកទុក្ខលំបាករបស់​បងប្អូន​ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិនេះ។
ឯកឧត្តមបានបន្ដទៀតថា កត្តាធម្មជាតិ គឺយើងមិនអាចទប់ស្កាត់វាមិន​ឲ្យ​កើតមានឡើងបានទេ តួយ៉ាងដូចជាយើងមិនអាចឃាត់កុំ​ឲ្យ​ទឹកជំនន់ ខ្យល់ព្យុះ។ល។ ព្រោះនេះជាសភាវៈធម្មជាតិ ខែវស្សាត្រូវតែមានភ្លៀងធ្លាក់ ហើយបងប្អូនដែលនៅតាមដងទន្លេក៏គង់នឹងមានផលប៉ះពាល់ពីជំនន់ចៀសមិនផុត គ្រាន់តែមានកំរិតវាតែប៉ុណ្ណោះ។
ឯកឧត្តម ក៏បានថ្លែងបញ្ជាក់បន្ថែមទៀតថា ឯកឧត្តម ពិតជាមានការចូលរួមសោកស្ដាយ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានបង្ខំ​ឲ្យ​ចាកចេញពីលំនៅដ្ឋានរបស់ខ្លួនមួយរយៈពេល​ តែទោះជាយ៉ាងណាក៏ដោយ ក៏អាជ្ញាធរស្រុក បានកំណត់ទីទួលសុវត្ថិភាពដែលមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់​ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់បងប្អូនរួចជាស្រេចហើយដែរ។
ជាងនេះទៅទៀត​នោះ​ ឯកឧត្តមក៏បានផ្តាំផ្ញើ​ឲ្យ​បងប្អូនកូនក្មួយទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហានានាក្នុងដូវទឹកជំនន់នេះ ជាពិសេសក្មេងៗ ចាស់ជរា ស្រ្តីមានផ្ទៃពោះបើមានបញ្ហាផ្សេងៗគឺសូមរាយការណ៍​ជាបន្ទាន់​ទៅអាជ្ញាធរមូលដ្ឋានដើម្បីរកចំណាត់ការដោះស្រាយជូនបងប្អូន​ឲ្យ​បានទាន់ពេលវេលា​។
ជាមួយ​គ្នា​​នោះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ ក៏​បា​នថ្លែងអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ពន្ធ័ទាំងអស់ ដែលបានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋបានទាន់ពេលវេលា​ ក្នុង​នោះឯកឧត្ដម​ ក៏បាននាំយកអំណោយជាស្បៀង​ រួមមានអង្ករ៥០គីឡូក្រាម​ មី២កេះ​ ត្រីខ១យួរ មុង១ សារ៉ុង១ និងថវិកា១០ម៉ឺនរៀល​ ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ផងដែរ ៕