ផ្សាររំលងទុកសំរាមមុខផ្សារតាមផ្លូវជាតិលេខ៦បង្អួតភ្ញៀវជាតិនិងអន្តរជាតិមុនពេលដល់ប្រាសាទអង្គរវត្ត

0

កំពង់ធំ៖  មហាជនជាច្រើន បាននឹកហួសចិត្ត និងប្រធានភាស៊ីផ្សាររំលង ដែលបានដើរប្រមូលយកតែលុយ ភាស៊ីតែមិនខ្វល់ពីរឿង ប្រមូលសំរាម តែបែរជាបណ្តោយឲ្យក្រុមអជីវករផ្សារ យកសំរាមមកចោលគរដូចភ្នំ នៅលើបណ្តោយផ្លូវជាតិលេខ៦ មុខផ្សាររំលងទៅវិញ។

គំនរសំរាមដែលបានចោល នៅលើផ្លូវជាតិ មុខផ្សារ បានបង្ករឲ្យប្រជាពលរដ្ឋ មានការក្តៅក្រហាយ និងប្រ ធានភាស៊ីផ្សារតែគិតតែប្រយោជន៍ខ្លួនឯង ដោយមិនខ្វល់នឹងការថែរក្សាបរិស្ថាន សំអាតមុខផ្សារ ដើម្បីទី​ក្រុងស្អាតនោះទេ ថែមទាំងយកផ្លូវជាតិធ្វើជាកន្លែងចាក់សំរាម បណ្តាលឲ្យស្អុយរលួយ ហូរទឹកពាសពេញ ថ្នល់ អ្នកដើរកាត់មុខផ្សានាំគ្នាបិទមាត់ស្ទើរដាច់ដង្ហើម។

ដោយសារគំនរសំរាម បង្កក្លិនស្អុយរាល់ថ្ងៃធ្វើឲ្យប៉ះពាល់ដល់សុខភាពអាជីវករផ្សាររំលងនិងអ្នកធ្វើដំណើរចេញចូលក្នុងផ្សារនេះបានត្អូញត្អែ ថាគំនរស្តុបសម្រាមខ្ពស់ដូចភ្នំ នៅខាងមុខផ្សាររំលងបានបង្កក្លិនស្អុយជាប្រចាំ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់សាធារណៈជន ដែលធ្វើដំណើចូលក្នុងផ្សារនិងអ្នកធ្វើដំណើឆ្លងកាត់តាមដងផ្លូវជាតិលេខ៦ទៅកាន់តំបន់ទេសចរមួយចំនួនដូចជាខេត្តសៀមរាមខេត្តព្រះវិហារនិងខេត្តកំពង់ធំ។

ក្រុមអាជីវករលក់ បបរ បាយ នំបញ្ចុក និងបង្អែម នៅជិតគំនរសំរាមខាងលើនេះបានប្រាប់ឲ្យដឹងថា! ជារៀងរាល់ថ្ងៃ ក្រុមអាជីវករលក់នៅជុំវិញគំនរសម្រាមនេះ ស្ទើតែដាច់បាយហើយព្រោះពុំសូវភ្ញៀវចូលមកទិញឬហូបអាហាររបស់គាត់ដូចកន្លែងផ្សេងទៀតទេ ពីព្រោះអ្នកមកហូបអាហារនៅជិតគំនរសំរាមនេះ បានត្អូញត្អែថាមិនគួរណាអាជ្ញាធរនិងអ្នកម៉ៅការភាស៊ីផ្សាស្តុបសំរាម នៅតាមដងផ្លូវសាធារណៈ ជាពិសេសនៅខាងមុខផ្សាររំលងជាប់ផ្លូវជាតិលេខ៦ហើយបង្កក្លិនស្អុយរលួយ ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាប្រចាំរាប់ពាន់នាក់។

ជាមួយគ្នានេះ អ្នកស្រី ពៅ វត្ថា ជាអ្នកគ្រប់គ្រងភាស៊ីផ្សាររំលង បានប្រាប់អ្នសារពត៍មានថាបញ្ហាកកស្ទះធ្វើឲ្យមានគំនរសំរាមនេះ អ្នកស្រីបានទទួលស្គាល់មែន តែដោយសារក្រុមការងារប្រមូលសម្រាមរបស់គាត់ រកកន្លែងចាក់មិនទាន់បាន ទើបបណ្តាលឲ្យមានគំនរសម្រាមនិងមានក្លិនស្អុយបែបនេះ តែនៅរសៀលថ្ងៃទី៤កញ្ញាឆ្នាំ២០១៨នេះ អ្នកស្រីបានស្នើទៅអាជ្ញាធរឃុំទ្រៀល ដើម្បីជួយដោះស្រាយរកទីតាំងចាក់សម្រាមនេះហើយ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៏ បានឆ្លើយប្រាប់អ្នកសារពត៍ថា លោកបានទទួលពត៍មាននេះហើយ តែរដ្ឋបាលស្រុកបានជម្រុញឲ្យអាជ្ញាធរឃុំ ធ្វើការដោះស្រាយជាមួយខាងភាគីភាស៊ីផ្សារ ដើម្បីរកទីតាំងចាក់សម្រាម ឲ្យជៀសផុតពីការប៉ះពាល់សុខភាពទោះបីជាមានការអះអាងយ៉ាងណាក៏ដោយ ក្រុមអាជីវករផ្សាររំលងនិងមហាជនស្នើយ៉ាងបានទទួចដល់អាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយប្តូរទីតាំងចាក់សម្រាមពីខាងមុខផ្សារនេះ ចេញ ពីព្រោះទីតាំងចាក់សព្វថ្ងៃនៅជាប់ដងផ្លូវជាតិលេខ៦ ចំពីមុខផ្សារ ហាក់បីដូច ជាតាំងបង្អួតភ្ញៀវទេសចរណ៏ ដែលធ្វើដំណើឆ្លងកាត់ជាប្រចាំ! ហើយពុំដែលឃើញមានអាជ្ញាធរឬមន្ត្រីជំនាញពាក់ព័ន្ធ យកចិត្តទុកដាក់ឬខ្វល់ខ្វាយ ពីបញ្ហានេះឡើយ។

ដោយ  ប៊ុន  រដ្ឋា