អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងលិចស្លាបខាងជើងប្រវែង៤០ម៉ែត្រ និងបន្តធ្វើ២០ម៉ែត្រទៀត

0

សៀមរាប៖ ច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងលិច ស្លាបខាងជើងប្រវែង៤០ម៉ែត្រ ត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរារួចរាល់ជាស្ថាពរកាលពីចុងឆ្នាំ២០១៧ និងកំពុងបន្តជួសជុលប្រវែង២០ម៉ែត្របន្ថែមទៀត នៅក្នុងឆ្នាំ២០១៨។

លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ច្រាំងកសិន្ធុប្រវែង៤០ម៉ែត្រដែលជួសជុលរួច គឺចំណាយរយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៣ដល់២០១៧។ ក្នុងចំណោម៤០ម៉ែត្រនេះដែរ គឺមានប្រវែង២០ម៉ែត្រដំបូងធ្លាប់បានជួសជុលម្តងហើយដោយបារាំងនាទស្សវត្សទី៦០ ដែលដឹងបានតាមរយៈការមើលឃើញដោយផ្ទាល់ និងកាន់តែច្បាស់ពេលបើករណ្តៅកំណាយស្រាវជ្រាវមុនធ្វើការជួសជុល។ ក្រោយការបញ្ចប់គម្រោង៤០ម៉ែត្រដោយជោគជ័យ ក្រុមការងារក៏បានបន្តគម្រោងជួសជុល២០ម៉ែត្របន្ថែមនៅឆ្នាំ២០១៨។

លោកស្រីបន្តទៀតថា ចំពោះបច្ចេកទេសជួសជុល បន្ទាប់ពីកំណាយស្រាវជ្រាវយើងដឹងថា ចាស់បុរាណកសាងច្រាំងកសិន្ធុដោយដីបុកបង្ហាប់បាតគ្រឹះក្រោម ដូច្នេះដើម្បីរក្សាតម្លៃនៃបេតិកភណ្ឌវប្បធម៌ អាជ្ញាធរជាតិអប្សរាបានជ្រើសយកបច្ចេកទេសបុរាណមកអនុវត្ត ដោយកាយយកដីចាស់ ដីស្អុយចេញ ហើយជំនួសដោយដីថ្មី ហើយបុកបង្ហាប់គ្រឹះក្រោមឱ្យមាំជាមួយថ្មភ្នំ ថ្មក្រលៀន ដីខ្សាច់ និងល្បាយដីដែលបានពីកម្ទេចថ្មបាយក្រៀម ដីឥដ្ឋ កំបោរស។ ចំពោះគ្រឹះ យើងពង្រីកទំហំគ្រឹះចាស់៨០សង់ទីម៉ែត្រទៅ១២០សង់ទីម៉ែត្រ ហើយជម្រៅគ្រឹះទៅក្រោម៣០សង់ទីម៉ែត្រទៅ៨០សង់ទីម៉ែត្រ ធ្វើយ៉ាងណាឱ្យកាំកសិន្ធុរឹងមាំបានល្អ។

ក្រៅពីពង្រឹងគ្រឹះហើយ យើងក៏ពង្រឹងរចនាសម្ពន្ធច្រាំងកសិន្ធុដោយប្រើថ្មបាយក្រៀមចាស់ដែលមានស្រាប់និងថ្មបាយក្រៀមថ្មីជំនួសថ្មដែលពុកផុយមករៀបជាជណ្តើរចំនួន៨កាំ ដោយដាក់ឆ្លាស់គ្នា និងដាប់ចុះក្រោម១សង់ទីម៉ែត្រសម្រាប់ប្រទាក់គ្នាពីមួយទៅមួយក្នុងការរក្សាលំនឹងឱ្យបានល្អមិនឱ្យថ្មរអិល ហើយបិទភ្ជាប់ថ្មពីមួយទៅមួយដោយបាយអររាវ ដើម្បីការពារជម្រាបទឹកចូលក្នុងថ្ម ធ្វើឱ្យថ្មឆាប់ពុកផុយ។ រីឯថ្មភក់ដែលរៀបនៅផ្នែកខាងលើថ្មបាយក្រៀមក៏រៀបទៅតាមលំនាំដើម ដោយប្រើថ្មដែលមានស្រាប់និងថ្មីជំនួសថ្មីដែលមិនអាចទ្រទម្ងន់បានទៀត ហើយបិទភ្ជាប់ថ្មដោយបាយអរម្សៅ ដើម្បីផ្ជឹតស្នាមមិនឱ្យទឹកចូលក្នុងថ្ម ធ្វើឱ្យថ្មឆាប់ខូច។

លោកស្រី បូរ៉ាវី ក៏បានបញ្ជាក់ដែរពីមូលហេតុសំខាន់ៗដែលធ្វើឱ្យរចនាសម្ពន្ធសំណង់កសិន្ធុអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងរងនូវការខូចខាតយ៉ាងខ្លាំង គឺដោយសារអាយុកាលនៃសំណង់ កង្វះការថែទាំជាប្រចាំ ការឡើងចុះនៃកម្ពស់ទឹកមិនទៀងទាត់បានបំផ្លាញគ្រឹះក្រោម រួមទាំងការពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ដើមឈើធំៗដុះក្បែរច្រាំងបានចាក់ឫសជ្រែកទៅក្នុងថ្ម ធ្វើឱ្យថ្មរំកិលពីទីតាំងដើម នាំឱ្យច្រាំងកសិន្ធុរលំ។

បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិរក្សនិងជួសជុលទាំងប្រាសាទនិងកសិន្ធុ ដើម្បីអភិរក្សសំណង់បុរាណដែលជានិមិត្តរូបនៃជាតិខ្មែរឱ្យរឹងមាំយូរអង្វែងនិងលើកតម្លៃសោភ័ណភាពសំណង់បេតិកភណ្ឌឱ្យមានភាពស្រស់ស្អាតជាទីទាក់ទាញទេសចរ។ បន្ថែមពីនោះ ការបណ្តុះធនធានមនុស្ស ក៏ជាផ្នែកសំខាន់ដែលអាជ្ញាធរជាតិអប្សរាគិតគូរយ៉ាងខ្លាំង ដើម្បីបង្កើនស្នាដៃក្នុងនាមជារបស់ខ្លួន ដោយមិនពឹងលើកិច្ចសហប្រតិបត្តិការអន្តរជាតិច្រើនដូចមុន៕