រដ្ឋបាលខេត្តព្រះវិហារជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធសហការ អនុវត្តបន្តឲ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបក្រុមញៀនថ្នាំ នៅតាមមូលដ្ឋាន ដើម្បីភូមិ-ឃុំមានសុវត្ថិភាព!

0

ព្រះវិហារ: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានធ្វើការជម្រុញឲ្យអង្គភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង

 

ឮមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ក្នុងខេត្តព្រះវិហារ អនុវត្តឲ្យបានម៉ឹងម៉ាត់ ចំពោះការបង្ក្រាបក្រុមញៀនថ្នាំ រួមទាំងល្បែងសុីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋានឲ្យអស់សំដៅធានា ដើម្បីភូមិ-ឃុំមានសុវត្ថិភាព។

ការជម្រុញបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាស្រុកជាំក្សាន្ត។

ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការតាមមន្ទីរអង្គភាព និងអភិបាលក្រុងស្រុកទាំង៨ អធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ជាច្រើនរូបទៀតផងដែរ។

បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរឃុំ ស្រុកទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយបន្តទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់ភូមិ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាក្រុមញៀនថ្នាំ នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយណែនាំឲ្យពួកគេ ទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ធ្វើការកែប្រែខ្លួនឡើងវិញ បើមិនដូច្នេះទេ នៅពេលដែលសមត្ថកិច្ចចាប់ខ្លួនបាន គឺមិនលើកលែងទៀតនោះឡើយ។

អភិបាលខេត្តព្រះវិហារឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា “បញ្ហាមួយចំនួនដែលកើតមាន នៅតាមមូលដ្ឋានដូចជា ចោរលួច ចោរប្លន់ ក្រុមក្មេងទំនើងទាំងអស់នេះ គឺសុទ្ធតែកើតចេញពីក្រុមញៀនថ្នាំនេះតែម្តង។ ដូច្នេះដើម្បីលុបបំបាត់អំពើនេះបាន យើងត្រូវធ្វើការលុបបំបាត់ក្រុមញៀនថ្នាំ និងក្រុមអ្នកញៀនល្បែងសុីសងគ្រប់ប្រភេទ ឲ្យអស់ចេញពីមូលដ្ឋាន”។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានដាក់ចេញនូវវិធានការមួយចំនួន ទៅដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងខេត្តព្រះវិហារត្រូវបន្តចុះផ្សព្វផ្សាយអនុវត្ត នូវច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយ អនុវត្តច្បាប់ស្តីពីគ្រឿងញៀនតាមអង្គភាព និងនៅតាមបណ្ដាក្លិបកម្សាន្តទាំងអស់ បន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជាប់ព្រំដែន ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែន ពិសេសបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធិភាព៕សួនលីណា