បុរសម្នាក់ស្រវឹងស្រា យកក្បាលគ្រាប់បេសែសិបមកឆ្នៃ បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់!

0

(ព្រះវិហារ): ប្រជាពលរដ្ឋម្នាក់រស់នៅស្រុកជាំក្សាន្ត បានយកក្បាលគ្រាប់ប្រភេទបេសែសិប មកធ្វើការកែឆ្នៃ ប៉ុន្តែខុសបច្ចេកទេសផ្ទុះរងរបួសធ្ងន់។ហេតុការណ៍ផ្ទុះនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមផ្ទះបុរសរងគ្រោះ ស្ថិតក្នុងភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រវិហារ។

សេចក្តីរាយការណ៍ពីលោកមេឃុំទឹកក្រហម បានបញ្ជាក់ថា នៅមុនពេលកើតហេតុបុរសដែលរងគ្រោះ បានយកក្បាលគ្រាប់ដែលរើសបានកន្លងមក មកកែឆ្នៃនៅក្រោមផ្ទះរបស់ខ្លួនទាំងអាការៈស្រវឹង មិនតែប៉ុណ្ណោះបានហៅប្រពន្ធឲ្យមកអង្គុយមើល។ ប៉ុន្តែប្រពន្ធឃើញហេតុការណ៍មិនស្រួល ក៍ចុះពីលើផ្ទះរត់ទៅរកប្រជាពលរដ្ឋជិតខាងមកជួយហាមឃាត់ដែរ តែមិនទាន់ ព្រោះថាបុរសរងគ្រោះបានធ្វើឲ្យគ្រាប់នោះ ផ្ទុះហើយរងរបួសពាសពេញខ្លួន រួចក៍នាំយកមកជួយសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកស្រុកជាំក្សាន្ត។

លោកមេឃុំបន្តថា បុរសរងគ្រោះមានឈ្មោះ លេង បូណា ភេទប្រុស អាយុ48ឆ្នាំ នៅភូមិទឹកក្រហម ឃុំទឹកក្រហម ខេត្តព្រះវិហារ។ លោកថា កន្លងមកបុរសរងគ្រោះតែងតែរករឿងឈ្លោះប្រកែក ថែមទាំងយកគ្រប់ចាស់ៗដែលរើសបាន មកគុបដាក់ប្រពន្ធរត់ពេញផ្ទះ និងប្រើអំពើហឹង្សាធ្វើអោយខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន រហូតដល់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានដកហូតគ្រាប់ចាស់ចំនួន៣គ្រាប់។ និងចាប់ខ្លួនបញ្ជូនទៅធ្វើកិច្ចសន្យា នៅអធិការរដ្ឋាននគរបាល រួចម្តងហើយតាមបណ្តឹងរបស់ប្រពន្ធ។

សូមបញ្ជាក់ថា បច្ចប្បន្នបុរសរងគ្រោះត្រូវបានក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែកស្រុកជាំក្សាន្ត ធ្វើការបញ្ជូនទៅកាន់ មន្ទីពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះបន្ត៕សួនលីណា