អាជ្ញាធរ​ខេត្ត​កំពង់ចាម​ រិះរក​វិធី​ថ្មី​ ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ រងគ្រោះ​ដោយ​ការ​បាក់​ច្រាំង​ទន្លេ​ ក្នុង​ការ​ស្វែង​រក​ទីលំនៅ​ថ្មី​ តាម​លទ្ធភាព​រាងៗខ្លួន​

0

កំពង់ចាម​:​ ដើម្បី​រក​ដំណោះ​ស្រាយ​ជូន​ដល់​បងប្អូន​​ប្រជាពលរដ្ឋ​ ដែល​ទទួល​រងការ​គំរាមកំហែង​ដោយ​ការ​បាក់​ច្រាំង​ទន្លេ​ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន​របស់​ពួក​យ​ នាព្រឹក​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​ប្រធាន​មន្ទីរ​ មន្ត្រី​​ជំនាញ​ពាក់ព័ន្ធ​ និង​លោក​ឧត្ដមសេនីយ៍​ត្រី​ សោ​ សាវឿន​ មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ចាម​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​​បាក់​ច្រាំង​ទន្លេ​ និង​ដឹកនាំ​កម្លាំង​ ​ចុះ​ជួយ​រុះរើ​ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ដោយ​គ្រោះ​ធម្មជាតិ​​​​ នៅ​ភូមិ​ទី៩​ ឃុំ​អង្គរបាន​ និង​ភូមិ​បឹងសាងលិច​ ឃុំសូគង​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ ។ 

បន្ទាប់​ពី​ចុះ​ពិនិត្យ​ការ​បាក់​ច្រាំង​ទន្លេ​ នៅ​ភូមិ​ទី​៩​ ឃុំ​អង្គរបាន​ ឯកឧត្ដម​ អភិបាលខេត្ត​ និង​ក្រុម​ការងារ​ បាន​ចុះ​លុយទឹក​ទៅ​ជួយ​រុះរើ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ភូមិ​បឹងសាងលិច​ ដែល​កំពុង​ទទួល​រងនូវការ​គំរាមកំហែង​ដោយ​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់​ ព្រម​ទាំង​បាន​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ទាំង​២៣គ្រួសារ​ផង​ដែរ​ ។
ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ចូលរួមរំលែក​នូវទុក្ខលំបាករបស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ទទួល​រងដោយគ្រោះធម្មជាតិនេះថា​ គ្រោះ​ធម្មជាតិ តែងតែ​កើត​មាន​ឡើង​តាម​រដូវ​កាល​របស់​​វា​ ចំពោះ​ផលប៉ះពាល់គឺចៀសមិនផុតនោះទេ គ្រាន់តែមាន​តិច​ឬ​ច្រើន​ប៉ុណ្ណោះ។​
ជាមួយ​គ្នា​នោះ​ ឯកឧត្ដម​ អភិបាលខេត្ត​​​ បានមានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ​ នៅខេត្តកំពង់ចាម​ តែងតែ​មានប្រជារដ្ឋ រងគ្រោះដោយការបាក់ច្រាំងទន្លេ​ ធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ពួកគាត់​ ហើយ​ពួកគាត់បាន​បង្ខំចិត្ត​រុះរើទៅ​តាំង​ទីលំនៅថ្មី​ ដោយ​អ្នក​ខ្លះមិនបានដឹងមុន​ ហើយ​ទទួល​រង​គ្រោះ​ដោយ​បាក់ច្រាំងស្រុតផ្ទះចូល​ក្នុង​ទន្លេ​បាត់ក៏មាន​ ​ចំពោះគ្រួសារដែលបានរុះរើ​ ទៅ​សាងសង់​លំនៅឋាន​ថ្មីឡើងវិញ​ ទៅតាមស្ថានភាពជាក់ស្ដែងរបស់គ្រួសារនីមួយៗ​ ខ្លះទៅជិត​ ខ្លះទៅឆ្ងាយ​ និងខ្លះចាកចោលស្រុក​ ទៅតាមលទ្ធភាពរៀងៗខ្លួន។​
ដូច្នេះ​ហើយ​ ​ឯកឧត្ដម​ បានផ្តួចផ្តើម​ បង្កើតក្រុមការងារមួយ​ ដើម្បីសាកល្បងសិក្សា​ អំពីស្ថានភាពប្រជា​ពលរដ្ឋ​ ដែលរងដោយការបាក់ច្រាំងទន្លេ​ ក្រុមការងារនេះ​ សាកល្បងប្រមូលផ្ដុំគិត​រកវិធីដើម្បីជួយ​ដល់​ពលរដ្ឋ​ ក្នុងការស្ដារស្ថានភាពឡើងវិញ​ ទៅតាមលទ្ធភាព​ សមត្ថភាព​ ដែលអាចធ្វើទៅបាន​ ។​
ទោះជា​យ៉ាងណា ខាងលើនេះគ្រាន់តែជាការផ្តើមគំនិតប៉ុណ្ណោះ ការសំខាន់នោះ​ គឺនៅ​រង់ចាំការចូលរួមពីគ្រប់មជ្ឈដ្ឋាន​ជាមុន​សិន​។
ជាងនេះទៅទៀត​នោះ​គឺ ឯកឧត្តម​ អភិបាលខេត្ត​ បាន​ជុំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ មូលមតិ​គ្នា​ ប្រមូល​ផ្ដុំ​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​កន្លែង​ណា​មួយ​ ដើម្បី​ងាយស្រួល​ឲ្យ​អាជ្ញាធរ​ចូលរួម​ធ្វើ​ការ​អភិវឌ្ឍ​ ដូច​ជា​​កសាង​ផ្លូវ​ ត​បណ្ដាញ​ទឹក​ភ្លើង​ ​ជូន​ផងដែរ​ ៕