ឧត្តមសេនីយ៍ទោ សោម ស៊ុន ទទួលអង្ករ​​៣,០០០គ.ក​មីយើង​២០០​ កេសពីលោក ​ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត សម្រាប់ការងារមនុស្សធម៌

0

កំពង់ធំ៖ អង្ករ​ចំនួន​៣,០០០​ គីឡូ​ក្រាម​​  និងមីយើង​ ចំនួន​២០០​ កេស​បន្ថែម​ទៀត​ ត្រូវ​បាន​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែន​  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន ផ្ដល់​ជូន​ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ សម្រាប់ធ្វើការងារមនុស្សធម៌ តាម​រយលោក ​ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គ​មេបញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ អគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ។

ការផ្តល់ជូនស្បៀងអាហារ នេះដោយបានមើល​ឃើញ​ពី​សកម្មភាព​មមាញឹក​របស់​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​ ក្នុង​ការ​ស្វែង​យល់​ពី​សុខ​ទុក្ខ​ និង​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធ​ជន​ និង​ប្រជាជនដែល​មាន​ជីវភាព​លំបាក​ ខ្វះខាត​​នៅ​តាម​បណ្ដា​មូលដ្ឋាន​នានា​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ បាន​យ៉ាង​ល្អ​ប្រសើរ​  ។

ដើម្បី​ឲ្យបានបន្តការងារ ​បម្រើ​ប្រជាជន​ឲ្យ​បាន​ទ្វេ​ដង​ថែម​ទៀត​ នៅ​ក្នុង​អណត្តិទី​៦​ នៃរាជរដ្ឋាភិបាលថ្មីនេះ​ តាម​រយលោក ​ឧត្ដមសេនីយ៍​ឯក​ហ៊ុន​ ម៉ាណែត​  សម្ដេច​តេជោ​ហ៊ុន​ សែន​ បាន​បន្ត​ឧបត្ថម្ភ​អង្ករ​ចំនួន​៣,០០០​ គីឡូ​ក្រាម​ និង​មីយើងចំនួន​២០០កេស​  ដល់​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​ នៅព្រឹកថ្ងៃទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ។

លោក ​ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញា​ចិត្ត​ដាច់​ខាត​បន្ត​ឆ្ពោះ​ទៅ​កាន់​មូល​ដ្ឋាន​ដើម្បី​បម្រើ​ប្រជាជន​ឲ្យ​បាន​ទ្វេ​ដង​ថែម​ទៀត​ដោយ​មិន​គិត​ពី​ការ​លំបាក​ហត់​នឿយ​ឡើយ​ ហើយ​និង​​សូម​គោរព​ថ្លែង​អំណរគុណ​ដ៍ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​សម្តេច​តេជោ​  និង​សូម​គោរព​ជូន​ពរ​សម្តេច​និង​សម្តេច​កិត្តិព្រិទ្ធបណ្ឌិត​ បុត្រា​បុត្រី​ ចៅ​ប្រុស​ចៅ​ស្រី​ សូម​បាន​ប្រកបតែនិងពុទ្ធពរ​ទាំង​បួន​ប្រការគឺ​ អាយុ​ វណ្ណៈ​ សុខះ​ និង​ពលះ​ កុំបីឃ្លៀងឃ្លាត​ឡើយ​ ។

ដោយ  ប៊ុន  រដ្ឋា