មន្ត្រី​ជលផល​ខេត្ត​កំពង់ចាម​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ចាក់​ព្រលែងកូនត្រី​ចម្រុះ​ជិត​៥០០គីឡូ​ ចូលក្នុងបឹង​ធម្មជាតិ​វិញ​

0
2

កំពង់ចាម​:​ ទោះបីជា​អាកាសធាតុ​មិន​អំណោយផល​ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ បាន​ដាក់​ចេញ​នូវ​វិធានការ​ ឲ្យ​មន្ត្រី​ផ្នែករដ្ឋបាលជលផលកំពង់សៀម​ បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម​ ដែល​មាន​ទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកកំពង់សៀម​ ក្រុមប្រឹក្សា​ឃុំគៀនជ្រៃ បានចុះបង្រ្កាបបទល្មើសជលផល​ជាបន្តបន្ទាប់​ ដោយ​រឹបអូស​វុត្ថុតាង​ជាច្រើន​បំផ្លាញ​ចោល​ និង​រំដោះ​កូនត្រី​ចម្រុះ​ទម្ងន់​៤២៩គីឡូក្រាម​ ​ចាក់​ព្រលែងចូល​ក្នុង​បឹងធម្មជាតិ​វិញ​ផង​។
លោក​ អ៊ុក​ ណារិន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ក្នុង​រដូវ​ត្រី​ពងកូន​ និង​ជា​រដូវ​បិទ​ការ​នេសាទ​ផង​នោះ​ កម្លាំង​រដ្ឋបាល​ជលផល​ តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ជាបន្តបន្ទាប់​ ជាក់ស្ដែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ​ កម្លាំង​រដ្ឋបាល​ជលផល​ រួមនឹង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល​ចំនួន​០៣ករណី​ និងបំផ្លាញចោលវត្ថុតាងរួមមាន:​ ករណី​ទី០១-បាន​ធ្វើ​ឡើងនៅចំណុច​ ឃុំរអាង​ ស្រុកកំពង់សៀម​ រឹបអូស​បាន​ លូស្បៃមុងចំនួន​២៧មាត់​ របាំងស្បៃមុងប្រវៃង​៨១០ម៉ែត្រ​ និង​បង្គោលចម្រឹងឬស្សីចំនួន​៥៤០ដើម​ ព្រមទាំង​ចាក់លែងកូនត្រីចម្រុះ​ទម្ងន់​៨១គីឡូក្រាម​ ចូលក្នុងបឹង​ធម្មជាតិ​វិញ​។
ករណី​ទី០២-បាន​ធ្វើ​ឡើង​នៅចំណុច​ ឃុំគៀនជ្រៃ​ ស្រុកកំពង់សៀម​ រឹបអូស​បាន​ លូស្បៃមុងចំនួន​៤៥មាត់​ របាំងស្បៃមុងប្រវៃង​១៣៥០ម៉ែត្រ​ និង​បង្គោលចម្រឹងឬស្សីចំនួន​៩០០ដើម
ព្រមទាំង​ចាក់លែងកូនត្រីចម្រុះ​ទម្ងន់​១៣៥គីឡូក្រាម​ ចូលក្នុងបឹង​ធម្មជាតិ​វិញ​។
ករណី​ទី​០៣-បាន​ធ្វើ​ឡើងនៅចំណុច​ ឃុំរំចេក​ ស្រុកកំពង់សៀម​​ រឹបអូស​បាន​ លូស្បៃមុងចំនួន​៣៣មាត់​ របាំងស្បៃមុងប្រវៃង​៩៩០ម៉ែត្រ​ និង​បង្គោលចម្រឹងឬស្សីចំនួន​៦៦០ដើម​ ព្រមទាំង​ចាក់លែងកូនត្រីចម្រុះ​ទម្ងន់​៩៩គីឡូក្រាម​ ចូលក្នុងបឹង​ធម្មជាតិ​វិញ​ផង​ដែរ​។
ដោយឡែក​ ផ្នែករដ្ឋបាលជលផលកងមាស​ បានសហការជាមួយកម្លាំង​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំខ្ចៅ​ ក្រុមប្រឹក្សា​ឃុំខ្ចៅ​ សហគមន៍​នេសាទ​បឹងB៦​ និងប្រជាការពារ​ បានចុះបង្រ្កាបបទល្មើសជលផលបានចំនួន​០១ករណី​ ​នៅចំណុច​ ក្រោយឃុំខ្ចៅ​ ស្រុកកងមាស ខេត្តកំពង់ចាម​ ដោយ​កម្លាំង​ជំនាញ​បាន​បំផ្លាញចោលវត្ថាតាងរួមមាន:​ លូស្បៃមុងចំនួន​៣៤មាត់​ របាំងស្បៃមុងប្រវៃង​៣៤០០ម៉ែត្រ​ និង​បង្គោលចម្រឹងឬស្សីចំនួន​៥១០​ដើម​ ព្រមទាំង​ចាក់លែងកូនត្រីចម្រុះ​ទម្ងន់​ ១២២គីឡូក្រាម​ ចូលក្នុងបឹង​ធម្មជាតិ​វិញ​ផង​ដែរ​ ៕