អាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នឹងបន្តកិច្ចសហការលើការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ

0
3

សៀមរាប: នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោក Kwon Sagju នាយកផ្នែកផែនការនៃមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាការងារបន្តលើគម្រោងអភិរក្សជួសជុលក្រុមប្រាសាទពិធូរ ដែលនឹងត្រូវបញ្ចប់ជំហានទី១នៅចុងឆ្នាំ២០១៨ និងពិភាក្សាអំពីការអនុវត្តបន្តសម្រាប់ជំហានទី២ នៅឆ្នាំ២០១៩។

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរសន្យាពង្រឹងទំនាក់ទំនងល្អរវាងស្ថាប័នKOCHEFនិងអាជ្ញាធរជាតិអប្សរាឱ្យកាន់តែរឹងមាំ។ ជាពិសេសភាគីកូរ៉េ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលអនុញ្ញាតឱ្យអ្នកជំនាញកូរ៉េបានចូលរួមក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរក្នុងតំបន់អង្គរ និងបានរៀនសូត្របន្ថែមពីអាជ្ញាធរជាតិអប្សរា។

អាជ្ញាធរជាតិអប្សរាក៏សូមថ្លែងអំណរគុណដល់មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗដល់អ្នកជំនាញខ្មែរទាំងក្នុងនិងក្រៅប្រទេសនាពេលកន្លងមក។ ដោយឡែក ដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗទាំងលើកិច្ចការអភិរក្សនិងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ភាគីទាំងពីរបានឯកភាពទៅលើកម្មវិធីបណ្តុះបណ្តាលនាពេលអនាគតដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ជំនាញវិទ្យាសាស្ត្រអំពីការអភិរក្សនិងជួសជុលបេតិកភណ្ឌ និងការគ្រប់គ្រងទូទៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។

គួររំឭកដែរថា គម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៥ ហើយនឹងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨៕