សាខាកាំកុងត្រូលខេត្តតាកែវ ចុះពិនិត្យមើលពីសុវត្ថិភាពម្ហូបអាហារ ខណៈដែលបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់

0

តាកែវ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញខូចគុណភាព និងហួសសុពលភាព នៅតាមទូបនានា ដែលដាក់តាំងលក់នៅផ្សារអង្គតាសោម និងតាមម៉ាតដែលមាននៅតាមការាសសាំងក្នុងខេត្ត ដើម្បីធានាអោយបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ មុនឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលកំពុងខិតជិតចូលមកដល់។ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានមានប្រសាសន៍ថា ដោយមានការណែនាំជាប្រចាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ឱ្យមន្ត្រីជំនាញសាខាកាំកុងត្រូល ត្រូវធ្វើការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ខូចគុណភាព និងហួសសុពលភាព នៅតាមទីផ្សារ សាលារៀន និងមាត់ច្រកទ្វារព្រំដែន ជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឱ្យបានយល់ដឹងពីសារៈសំខាន់នៃការមើលទំនិញ និងការរៀបចំតាំងលក់ឱ្យបានត្រឹមត្រូវ ក្នុងន័យថែរក្សាការពារសុខភាព និងលើកកម្ពស់សុខុមាភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាពខ្ពស់ ដូច្នេះនៅថ្ងៃនេះ ដោយបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីខ្មែរ ឈានជិតចូលមកដល់ សាខាកាំកុងត្រូលខេត្តតាកែវ បានធ្វើការចុះផ្ទាល់ និងណែនាំផ្ទាល់ ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ទំនិញដែលគ្មានការអនុញ្ញាត គ្មានផ្លាកសញ្ញាត្រឹមត្រូវ និងទំនិញខូចគុណភាព ហួសសុពលភាព កុំឱ្យមានចរាចរដាក់តាំងលក់នៅលើទីផ្សារ ដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាព ខាតបង់ទាំងថវិការ និងពេលវេលាផងដែរ។
លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានលើកឡើងថា ដើម្បីអោយមានសុខភាពល្អ និងការបរិភោគប្រកបដោយអនាម័យខ្ពស់ សូមអោយបងប្អូនប្រជាពលរដ្ឋ និងជីវករទាំងអស់ ត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងជួយផ្សព្វផ្សាយបន្ត អំពីការយល់ដឹង ដែលមន្រ្តីជំនាញ បានធ្វើការចុះណែនាំជាប្រចាំ សំដៅពង្រឹងការថែរក្សាការពាសុខមាលភាព ស្របតាមផែនការ និងគោលដៅរបស់អគ្គនាយកដ្ឋានកាំកុងត្រូល។ ក៏ប៉ុន្តែបើសិនជាអាជីវករទាំងអស់មិនគោរព និងធ្វើតាមការណែនំារបស់សាខាកាំត្រូលទេនោះ មន្ត្រីជំនាញយើងនឹងចាត់ការទៅតាមច្បាប់ដោយមាត្រាទី១៦ និង៦៣ ដោយផ្តន្ទទោសពី១ខែទៅ១ឆ្នាំ ដែលយកទំនិញដែលខូចគុណ មកដាក់តាំងលក់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ក្នុងពេលចុះពិនិត្យទំនិញនេះដែរ សមត្ថកិច្ចកាំកុងត្រូលបានត្រួតពិនិត្យរកមើលលើប្រភេទទំនិញ ស៊ុត ដែលមានផ្លាកសញ្ញា FRF ព្រោះមានការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ថាមានខ្លះហួសកាលបរិច្ឆេក និងមានសារធាតុម្យ៉ាងដែលធ្វើអោយអ្នកបរិភោគទៅប៉ះពាល់ដល់សុខភាព តែលទ្ធផល ពុំឃើញមានការដាក់តាំងលក់ឡើយ នៅតាម star marth និងអាគារជុំវិញផ្សារ។ បន្ទាប់មកមន្ត្រីជំនាញក៏បន្តចុះពិនិត្យនៅតាមផ្សារអង្គតាសោម រួចបានដកហូតនៅមុខទំនិញ ប្រភេទស្ករត្នោតមួយចំនួន នៅក្នុងផ្សារអង្គតាសោម យកទៅធ្វើការពិនិត្យរកនៅសារធាតុគីមី នៅតាមឡាប៉ូ ដើម្បីបញ្ជាក់ពីការពិត ថាស្ករត្នោតដែលកំពុងដាក់លក់នៅ ក្នុងផ្សារអង្គតាសោម អាចនិងដូចគ្នាជាមួយនិងស្ករត្នោត ដែលផលិតកែច្នៃចេញពីស្ករសរដូចនៅស្រុកបាទីខេត្តតាកែវ ដែរឬទេ៕ តាកែវ