VIDEO ប្រធានសមាគមអតីតយុទ្ធជនខេត្តបន្តសកម្មភាពមនុស្សធម៌ចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋទីទ័លក្រ

0

កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានថ្លែងថា សកម្មភាពមនុស្ស​ធម៌ និងការយកចិត្តទុកដាក់មកលើក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ គឺត្រូវបានចាប់ផ្តើមឡើងយ៉ាងមមាញឹក និង​រស់រវើក ដោយមិនមែនធ្វើសកម្មភាពតែមុនពេលបោះឆ្នោតនោះទេ ក្រោយពេលបោះឆ្នោតជាតិសកម្មភាព រឹតតែមមាញឹក ក្នុងការចុះសិក្សាស្វែងយល់ ពីជីវភាពរបស់នៅរបស់ អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ។

ជាក់ស្តែងនៅ​ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០១៨ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងសហការី បានចុះសួរសុខទុក្ខ គ្រួសារប្រជាពលរដ្ឋទីទ័ល​ក្រ​មួយ​គ្រួសារ​ទៀត គឺលោក​ ហ៊ិន ហាន អាយុ ៥៥​ឆ្នាំ​ ប្រកបមុខរបរ​ធ្វើ​កម្មករ​ និង​ស៊ីឈ្នួលគេ មានភរិយា​ឈ្មោះ​ សុន សៀប​ អាយុ ៥១​ ឆ្នាំ​ មុខ​របរ​ជា​អ្នក​ស៊ីឈ្នួលលាងចាន​ បោកគក់​ខោអាវ​និងកម្មករផ្សេងៗ​ ​មាន​កូន​ចំនួន​ ០៤នាក់ ​ កូន​ ០២ នាក់ធ្វើកម្មករសំណង់ និងកូន​តូច​ៗ ០២ នាក់ ជាកូនភ្លោះកំពុងសិក្សារៀនសូត្របច្ចុប្បន្នគ្រួសារនេះ  រស់​នៅ​ក្នុង​ខ្ទម​កំសត់​បែក​បាក់​តូច​ចង្អៀត​ ។

ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនិងលើកទឹកចិត្តនេះ ឯកឧត្តម និងក្រុម​ការងារ​មនុស្សធម៌​នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បានពាំនាំនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន​ តាម​រយៈ​ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ផ្តល់​ជូន​ក្រុម​គ្រួសារ​គាត់​មាន​អង្ករ​ចំនួន​ ៥០​ គីឡូក្រាម , មីយើងចំនួន​ ០២ កេស , ទឹក​ត្រី​ទឹក​ស៊ីអ៉ីវចំនួន  ០២ យួរ និង​ថវិកា​ចំនួន​១០០,០០០​ រៀល​  ​រស់នៅ​ភូមិ​បល្ល័ង្ក​ខាង​កើត​ សង្កាត់​ដំរី​ជាន់​ខ្លា​ ក្រុងស្ទឹងសែន​ខេត្ត​កំពង់ធំ​។

គ្រួសារ​ក្រីក្រទីទ័លក្រនេះ បានសំណូមពរ ដល់សម្បុរជនជិតឆ្ងាយ សុំជួយសាងសង់​ជម្រកស្នាក់នៅ​សមរម្យ​មួយ​ខ្នង​ ដោយ​ជម្រកស្នាក់នៅបច្ចុប្បន្ន មានរាងតូច​ចង្អៀត​ធ្លុះធ្លាយ មើលពី​ម្ខាង​ធ្លុះ​ទៅម្ខាង ហើយ​ពេល​ភ្លៀង​ម្ដងៗ​សម្រាក​មិន​បាន ដោយមូលហេតុជីវភាពទីទ័លក្រគ្មានលទ្ធភាពសាង​សង់លំនៅដ្ឋានសមរម្យនឹងគេ  ក្នុងនោះគ្រួសារទីទ័លក្រនេះ មាន​ចិត្ត​រំភើប​ក្រោយ​ពីបាន​ទទួល​អំណោយ​ស្បៀងអាហារ​ និង​ថវិកា​ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ និងបានថ្លែងអំណរគុណ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ  ដែលតែងតែយកចិត្តទុកដាក់ ដោះស្រាយជីវភាព ក្រីក្ររបស់គ្រប់ទិសទី ក្នុងខេត្តកំពង់ធំ។

ដោយ  ប៊ុន  រដ្ឋា