ជនសង្ស័យ២នាក់ ត្រូវបានកំលាំង ការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ឃាត់ខ្លួន និងបញ្ជូនបន្តទៅឃុំខ្លួន តាមដីកាបង្គាប់អោយនាំខ្លួន ទៅឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ នៅល្ងាចថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៨ ពីបទដឹកជញ្ជូនឈើខុសច្បាប់ ផ្ទុយពីច្បាប់ស្ដីពី តំបន់ការពារធម្មជាតិមាត្រា៦២!

0

ព្រះវិហារ: យោងតាមកំណត់ហេតុនៃបទល្មើស ក្រសួងបរិស្ថាន អគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លេខ២២១/១៨បញ្ជាក់ថា នៅវេលាម៉ោង១.៤៦នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ កំលាំងបរិស្ថានចំនួន៤នាក់ ដឹកនាំដោយលោក វុន ធឿន ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ នៅចំណុចភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអួន ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារតូច ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន រស់នៅភូមិតេជោស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ រឹបអូសគោយន្តកន្ត្រៃ ០១គ្រឿង ឈើប្រភេទធ្នង់ ចំនួន២៨ដុំ ស្មើនឹង០,៦ម៉ែត្រគីប។

ហើយនៅថ្ងៃដដែលនោះ នៅវេលាម៉ោងប្រមាណ៩.២៩នាទីយប់ កម្លាំងបានចុះល្បាតបន្ត នៅភូមិគូលែនជើង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងបើកបរគោយន្តកន្ត្រៃ០១គ្រឿង ដឹកឈើប្រភេទធ្នង់មូល ចំនួន ៣កំណាត់ បម្រុងចូលផ្ទះយកទៅកែច្នៃ ជាគ្រឿងសង្ហារឹម ក៏ធ្វើការឃាត់ខ្លួន និងរឹបអូស ចាត់ការតាមនីតិវិធី។

ជនសង្ស័យទី០២ ដែលឃាត់ខ្លួនមានឈ្មោះ យា យឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុកគូលែនខេត្តព្រះវិហារ។

បច្ចុប្បន្នជនសង្ស័យ២នាក់ ត្រូវបានកំលាំង ការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានបញ្ជូនខ្លួនជនសង្ស័យបន្ត តាមដីកាបង្គាប់អោយនាំខ្លួន ទៅឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៨ ពីបទដឹកជញ្ជូនឈើខុសច្បាប់ ផ្ទុយពីច្បាប់ស្ដីពី តំបន់ការពារធម្មជាតិមាត្រាលេខ៦២។

រីឯវត្ថុតាង ត្រូវបានកម្លាំងនាំយក មករក្សាទុក នៅការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង៕