បុរសវ័យចំណាស់ម្នាក់ ត្រូវបានឃាតក កាប់ជាច្រើនកាំបិទ ទម្លាក់ទឹកប្រឡាយដោយចោទថាចេះធ្មបអាប

0

កំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានជនសង្ស័យ ដែលរស់នៅក្បែរផ្ទះគ្នា លបកាប់ជាច្រើនកាំបិទ ទៅ​លើក្បាល មុខ និងដងខ្លួន បណ្តាលឲ្យដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម ហើយឃាតកទម្លាក់សាកសព ទៅក្នុងទឹកប្រឡាយ និងបង្ករឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិក្នុងហេតុការឃាតកម្មដ៏សាហាវនេះ។

សាកសព ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅវេលាម៉ោងប្រហែល១៩.០០នាទី ក្បាលព្រលប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំនុចភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយជន​សង្ស័យ ប្រើប្រាស់កាំបិទខ្វែវ ជាអាវុធ កាប់សម្លាប់ជនរងគ្រោះ ។

តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក  ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បានឲ្យដឹងថា  ក្រោយពីកើត​ហេតុ កម្លាំងសហការ ដឹកនាំដោយ វរៈសេនីយ៍ឯក ទិត សំណាងស្នងការរងនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់​ធំ​ ចុះពិនិត្យទីតាំងកើតហេតុ  ដោយជនរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ​សាំង សេន ភេទប្រុស អាយុ60ឆ្នាំ មានទីលំនៅភូមិសំពៅមាស ឃុំសានគរស្រុកកំពង់ស្វាយ  ខេត្ត​កំពង់ធំ បានស្លាប់ ក្នុងប្រឡាយទឹកមានស្នាមកាប់ត្រូវចំក្បាល-ដងខ្លួន-និងករជាច្រើនកាំបិត ដោយករណី មនុស្សឃាតនេះ ត្រូវបាន សន្និដ្ឋានជំហ៊ានដំបូង ថាជារឿងគំនុំ។

លោកវរសេនីយ៍ឯក  ខេន ឈុនគ័រ បានឲ្យដឹងថា ករណីឃាតកម្មនេះ  កម្លំាងនៃអធិការស្រុកកំពង់ស្វាយ ចំណុះឲ្យស្នងការនគរបាល ខេត្តកំពង់ធំ កំពុងតែដុតដៃ ដុតជើង ស្រាវជ្រាវបន្ត រហូតទទួលបានពន្លឺនៃមុខ សញ្ញាហើយ ដោយទទួលបានការណែនាំ ចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់  ស្នងការ​នគរ​បាល ខេត្តកំពង់ធំ ហើយនិងសុំគោលការអនុវត្តនិតិវិធី  ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តកំពង់ធំ ដើម្បីនាំខ្លួន ជនសង្ស័យមកទទួលទោសតាមផ្លូវច្បាប់។

ដោយ  ប៊ុន  រដ្ឋា