ពលរដ្ឋរឹះគន់មន្រ្ដីជលផលមួយចំនួននៅខេត្តកំពង់ឆ្នាំងគឺជាមន្រ្ដីគ្រាប់ល្ពៅប្រព្រឹត្តអំពើពុករលួយបង្រ្កាប់បទល្មើសនេសាទតាមរូមមន្ដកៀងត្រីបញ្ចូលសូង

0

កំពង់ឆ្នាំង៖ ពលរដ្នរាយការណ៍មកថាសកម្មភាពនេសាទប្រើឧបករណ៍ខុសច្បាប់ មានរបាំងស្បៃមុងនិងរបាំងណរ៉ាវកើតឡើងយ៉ាងអាណាធិបតេយ្យដែលជាប្រភពនៃការវិនាសហិនហោចនៃហ្វូងមច្ឆាជាតិនៅក្នុងរដូវបិតនេសាទសំរាប់ត្រីពងកូនបន្ដពូជ តែចង្រៃបំផុតមន្រ្ដីជលផលមួយចំនួនធំគិតតែប្រយោជន៍ផ្ទាល់ខ្លួនភ្លេចតួរនាទីជាអ្នក ថែរក្សាការពារ បែរជាប្រព្រឹត្តអំពើ់់ពុករលួយ ទោះបីរាជរដ្ឋាភិបាលខិតខំបំបាត់យ៉ាងណាក៏ដោយ ក៏មិនអាចចាត់ការលើមន្រ្ដីគ្រាប់ល្ពៅទាំងនោះបានឡើយ ជាហេតុធ្វើអោយក្រុមមន្រ្ដីទាំងនោះ បន្ទាប់ពីស៊ីប្រាក់ខែរដ្នគិតប្រយោជន៍ផ្ទាល់ខ្លួនហើយនោះ បែរជាបែកគំនឹត រិះរករូបមន្ដ កៀងត្រីបញ្ចូលសូងថែមទៀត សូប្បីតែប្រជានេសាទតូចតាចលក្ខណះគ្រួសារក៏ត្រូវបង់លុយអោយមន្រ្ដីគ្រាប់ពុករលួយទាំងនោះដែរ។
សេចក្ដីរាយការណ៍បានបន្ថែមទៀតថា កំនើនបទល្មើសនេសាទខុសច្បាប់និងការបំផ្លាញកូនត្រីល្អិតនៅតាមបណ្តាស្រុកមួយចំនួនតាមដងទន្លេសាបក្នុងទឹកដីខេត្តកំពង់ឆ្នាំង កើតឡើងយ៉ាងក្តៅគគុកទោះបីរជាមានការបង្ក្រាបពីសមត្ថកិច្ចនាពេលកន្លងមកក៍ដោយ ក៏បទល្មើសទាំងនោះពុំមានការថមថយនោះទេ កើនបែរជាកើនឡើងថែមទៀត ជាពិសេសបទល្មើសនេសាទក្នុងស្រុកកំពង់លែង មានរបាំងណរ៉ាវដែលមានប្រវែងរហូតដល់ ទៅ ១០០០ម៉ែត្រ ឯណោះត្រូវបានក្រុមជនល្មើសដាក់ញឹកស្អេកស្កេះតាមដងព្រៃនៃទឹកដីឃុំផ្លូវទូក និងឃុំប្រឡាយមាស ក្នុងស្រុកកំពង់លែងដែលមានចំនួនមិនក្រោម២០០ របាំងនោះទេ។ នេះគឺដោយសារមានថៅកែទូកឌុកមានចំនួនមិនក្រោម២០នាក់រងចាំផ្តល់លុយអោយក្រុមជនល្មើសយកទៅទិញមធ្យោបាយនិងឧករណ៍បទល្មើសច្បាប់ជាថ្នូរនិងការទិញត្រីមកវិញក្នុងតម្លៃថោកទទួលបានផលចំណេញកប់ក្តោង។
បើតាមប្រភពមួយផ្សេងទៀតបានអោយដឹងថា មានអ្នករត់ការយកលុយមកបង់អោយសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធជាថ្នូរទៅនឹងការមិនបង្ក្រាប តែប្រសិនបើថ្នាក់លើចុះមកបង្ក្រាប គេមានអ្នកបោះពង់អោយដឹងមុនស្រួលត្រៀមខ្លួនទៀតផងចំណែកអ្នករត់ការនោះត្រូវបានប្រភពបង្ហើបអោយដឹងថាឈ្មោះសុខ នៅភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង បានដើរប្រមូលលុយពីម្ចាស់របាំងក្នុងមួយម្ចាស់ៗចំនួន២០០ដុល្លាអាមេរិក យកទៅរត់ការបង់អោយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន និងជំនាញរដ្ឋបាលជលផលជាដើម។
បទល្មើសនេសាទនៅចំណុចខាងលើនេះបើយោងតាមប្រភពប្រជាពលរដ្ឋបានប្រាប់អោយដឹងថាកើត ឡើងជារៀងរាល់ឆ្នាំមិនដែលឃើញសមត្ថកិច្ចជំនាញបង្ក្រាបអោយមានប្រសិទ្ធិភាពម្តងណាឡើយ ដែលពួកគាត់បានលើកឡើងថាបើមាន ការបង្ក្រាបគ្រាន់តែបង្ក្រាបតាមបែបគោះទឹកបង្អើលត្រីអោយចូលស៊ងប៉ុណ្ណោះ។
ដោយមើលឃើញពីភាពអសកម្មភាពបំផ្លាញមច្ឆាជាតិមិនមានការថយចុះនោះមជ្ឍដ្ឋានប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសប្រជានេសាទក្នុងស្រុកកំពង់លែងសំណូមពរសមត្ថកិច្ចជំនាញ និងអភិបាលខេត្តកំពង់ឆ្នាំងមេត្តាចុះមកស៊ើបអង្កេតនិងបង្ក្រាបជាបន្ទាន់កុំអោយខ្លួនក្លាយជាមន្រ្ដីជើង១០ជឿតាម ចាំតែទទួលរបាយការណ៍មន្ត្រីថ្នាក់ក្រោមភូតភរ ដូចអនុសាសន៍របស់សម្តេចតេជោ លើកឡើងថា មន្ត្រីជើង១០ និងមន្ត្រីគ្រាប់ល្ពៅ នោះដែលសម្តេចបានលើកឡើងថាដល់ពេលវេលាត្រូវវះកាត់ហើយ។
ពាក់ព័ន្ធករណីបទល្មើសនេសាទខាងលើនេះ លោក ពុំ សុផល នាយសង្កាត់រដ្ឋបាលជលផលកំពង់លែង មិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទចូលគ្មានអ្នកទទួល ពុំដឹងថាលោកជាប់រវល់ឬក៏ដឹងខ្លួនមុនមិនហ៊ានឆ្លើយតប៕