រដ្ឋបាល​ខេត្ត​កំពង់ចាម​ អនុវត្ត​ចលនាប្រលងប្រណាំង ឃុំ-សង្កាត់​ បម្រើសេវាល្អ ជូនប្រជាពលរដ្ច​ដល់​ខ្នង​ផ្ទះ​

0

កំពង់ចាម​:​ អភិបាល​នៃ​គណៈ​អភិបាល​កំពង់ចាម ឯកឧត្តម​ គួច​ ចំរើន​​ សម្រេច​ចេញ​សេចក្តី​ណែនាំ​ ស្តី​ពី​ការ​អនុវត្តន៍ «ចលនាប្រលងប្រណាំង ឃុំ-សង្កាត់បម្រើសេវាល្អ» ដែល​តម្រូវ​ឱ្យ​មេឃុំចៅសង្កាត់​ ស្មៀន និងនាយប៉ុស្តិ៍នគរបាល​រដ្ឋបាល​ ទាំង១០៩ឃុំ-សង្កាត់​ ចូលរួមបម្រើ សេវាសាធារណៈឱ្យបានល្អ និងមានប្រសិទ្ធភាព នៅតាមបណ្តា ឃុំ-សង្កាត់នៅទូទាំងខេត្ត។
ការប្រកួតប្រជែងនេះ តម្រូវឱ្យមេឃុំ-ចៅសង្កាត់ អនុវត្តការផ្តល់សេវាសំខាន់ៗចាំបាច់ចំនួន៧មុខ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យដល់ខ្នងផ្ទះ រួមមាន៖ ការចុះសំបុត្រកំណើត ការចុះសំបុត្រអាពាហ៍ពិពាហ៍ ការចុះសំបុត្រមរណភាព ការចុះបញ្ជីឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ (ក១) ការផ្តល់សៀវភៅស្នាក់នៅ (ក២) ការចុះឈ្មោះក្នុងបញ្ជីគ្រួសារ (ក៣) និងការផ្តល់សៀវភៅគ្រួសារ (ក៤)។
សេចក្តីណែនាំបានឱ្យដឹងថា គោលបំណងនៃ ការដាក់ចេញនូវចលនាប្រឡង ប្រណាំងការផ្តល់សេវាល្អក្នុងឃុំ-សង្កាត់នេះ​ គឺដើម្បីឱ្យការផ្តល់សេវាសាធារណៈនៅតាមឃុំ សង្កាត់ ឆ្លើយតប ទៅនឹង តម្រូវការ របស់ប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព មានតម្លាភាព និងគណនេយ្យភាព ឆ្លើយតបជាក់ស្តែងទៅនឹងតម្រូការជាក់លាក់របស់ ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ការផ្តល់ សេវាកម្ម ទាំងអស់ មេឃុំ-ចៅសង្កាត់ ស្នៀ ន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ត្រូវអនុវត្តន៍ ដោយផ្ទាល់ និងដល់ទីកន្លែងស្នាក់នៅ ស្របតាមខ្លឹមសារណែនាំ ហើយត្រូវផ្សព្វផ្សាយ ជាសាធារណៈ។
ក្នុងសេចក្ដីណែនាំបានគូសបញ្ជាក់ទៀតថា ចលនាប្រលងប្រណាំងនេះ ជាការអនុវត្ត ទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងយោងតាមគោលនយោបាយកំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជា ផ្តោតលើការកែទម្រង់លើការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ​ ដែលបានកំណត់ថា ត្រូវបង្កើនដល់ការ បម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង​ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិយើង។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ដកំពង់ចាម បានលើកឡើងថា រដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើការជ្រើសរើស និងវាយតម្លៃ ដាក់ពិន្ទុក្នុងចំណោម រដ្ឋបាល ឃុំ-សង្កាត់ទាំង១០៩ នឹង ជ្រើសរើស យករដ្ឋបាលឃុំ-សង្កាត់ចំនួន១០ ក្នុងនោះរដ្ឋបាលឃុំ-សង្កាត់ ចំនួន៣ ត្រូវកំណត់ ក្នុងជ័យលាភី និង រដ្ឋបាលឃុំ សង្កាត់ចំនួន៧ទៀត កំណត់ជាអ្នកទទួលរង្វាន់ លើកទឹកចិត្ត តាមរយៈការវាយតម្លៃរបស់រដ្ឋបាលខេត្ត។ សម្រាប់អ្នកទទូលជ័យ លាភី លេខ១ នឹងទទួលបាន ថវិកា១០លានរៀល លេខ២ទទួលបានថវិកា៦លានរៀល លេខ៣ទទួលបានថវិកា៤លានរៀល ។ ចំពោះរង្វាន់លើកទឹកចិតដោយ ក្នុងរដ្ឋបាលឃុំ-សង្កាត់នីមួយៗ ទទួលបាន២លានរៀល ព្រមទាំង ប័ណ្ណសរសើរ ម្នាក់មួយផងដែរ ។
សូមបញ្ជាក់ដែរថា ការ​ប្រឡងប្រណាំនេះ នឹងចាប់ផ្តើម អនុវត្តន៍ ពី ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ និងផុតកំណត់ នៅថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០១៨ ។ សម្រាប់ ឆ្នាំបន្តបន្ទាប់ទៀត រដ្ឋបាល ខេត្ត នឹងកំណត់ ការ បូកសរុប របាយការណ៍ ប្រចាំឆ្នាំ ចាប់ពី ថ្ងៃទី០១ ខែមករា និងបញ្ចប់ ទៅវិញ នៅ ថ្ងៃទី៣១ ខែឆ្នូ ជារៀងរាល់ឆ្នាំ។
ឯកឧត្តម គួច ចំរើន ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅពេលជួប សំណេះសំណាលជាមួយមន្ត្រីរាជការ​ និងប្រជាពលរដ្ឋ ជានិច្ចជាកាលតែងតែបានណែនាំ និង ជំរុញដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តកំពង់ចាម ត្រូវខិតខំប្រឹងប្រែងបេ្តជ្ញា ក្នុងការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែងាយស្រួល ឆាប់រហ័ស ឈរលើគោល ការណ៍ «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ដើម្បីឱ្យស័ក្តិសមទៅនឹងការ គាំទ្រយ៉ាង ភ្លូកទឹក ភ្លូកដី របស់ប្រជាពលដែលបានគាំទ្រ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕