ចោរចូលលួចរថយន្តប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់ ខណៈម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក

0

ពោធិ៍សាត់៖ កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់រថយន្តប្រភេទ Camry ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1807 មួយគ្រឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ញឹម រដ្ឋា ភេទប្រុស អាយុ៤៩ឆ្នាំ ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់ ត្រូវបានចោរលួចយកចេញ ពីក្នុងរបងមុខផ្ទះដោយសុវត្ថិភាព ខណៈម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក។

ប្រភពពីម្ចាស់រថយន្ត បានឲ្យដឹងថា មុនកើតហេតុរូបគាត់ បានចតទុករថយន្តនៅមុខផ្ទះ ហើយចាក់ទ្វារបងខាងមុខត្រឹមត្រូវ រួចក៏ចូលសម្រាកនៅក្នុងផ្ទះ។ លុះព្រឹកឡើង គាត់ក៏បានភ្ញាក់ពីដំណេក ទើបដឹងថាបាត់រថយន្ត ក៏ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចតែម្ត។

សមត្ថកិច្ចសន្និដ្ឋានថាជនសង្ស័យដែលទៅលួចរថយន្តនោះ បានធ្វើសកម្មភាពកាត់សោរចូល ក្នុងអំឡុងពេលម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាមកចាត់ការតាមច្បាប់៕