បុរសម្នាក់ជាមនុស្សញៀនស្រាជាប្រចាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកមុខកំពូល

0

កណ្តាល៖ បុរសម្នាក់តែងតែផឹកស្រាស្រវឹងជាប្រចាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញលង់ទឹកស្លាប់ កាលពីថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៦និង ០០នាទី ព្រឹក នៅចំណុច ក្នុងមេទឹកបឹងតាអាំក្រោយ ភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហ៊ន គា ភេទ ប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះតែងតែដើរផឹកស្រាស្រវឹងជាប្រចាំជូនកាលចូលផ្ទះ ជូនកាលមិន ចូលផ្ទះ ហើយមិនបានជួយរកស៊ីប្រពន្ធកូនទេ។ លុះដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ស្រាប់តែប្រជាពលរដ្ឋប្រទះ ឃើញជនរងគ្រោះលង់ទឹកស្លាប់នៅបឹងមេទឹកតាអាំ ចំណុចកើតហេតុខាងលើតែម្ដង។

ក្រោយពីទទួលបានព័ត៍មាន ភ្លាមកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំបួរមាស ថោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំ បានចុះពិនិត្យសាកសព នៅផ្ទះជនរងគ្រោះ។ ក្រោយពីធ្វើការពិនិត្យ សាកសពឃើញថាពុំមានស្លាក ស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសផ្សេងៗឡើយ។ បន្ទាប់មកកម្លាំងចម្រុះធ្វើការ សន្និដ្ឋានថាជនរងគ្រោះលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕